សារព័ត៌មាន SBS របស់កូរ៉េខាងត្បូង៖ ជនជាតិកូរ៉េជាច្រើនបានបាត់ខ្លួននៅក្នុងប្រទេសថៃ ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សក្នុងប្រតិបត្តិការឆបោក
កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥ សារព័ត៌មាន SBS របស់ប្រទេសកូរ៉េខាងត្បូង បានចេញផ្សាយថា មានការកើនឡើងនូវករណីបាត់ខ្លួនជនជាតិកូរ៉េជាច្រើនបន្តបន្ទាប់គ្នា បន្ទាប់ពីធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ សារព័ត៌មានដដែលនេះ បានសង្កត់ធ្ងន់ថា «កំណើនករណីបាត់ខ្លួនជនជាតិកូរ៉េទាំងនោះ កើតមានឡើងជាពិសេសនៅក្នុងប្រទេសថៃ និងមីយ៉ាន់ម៉ា» ។ យោងតាមរបាយការណ៍ បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សប្រហែល ៥៣,០០០ នាក់ត្រូវបានចាប់ខ្លួន (ឬពាក់ព័ន្ធករណីផ្សេងទៀត) ក្នុងប្រតិបត្តិការបង្ក្រាបរបស់អាជ្ញាធរតាមតំបន់នីមួយៗ ហើយមានការព្រមានអំពីបណ្តាញឧក្រិដ្ឋកម្មដ៏សកម្មនៅក្នុងតំបន់ ដែលកំណត់គោលដៅលើជនជាតិកូរ៉េ ។ ជនរងគ្រោះ ត្រូវគេបោកបញ្ឆោតដោយអូសទាញទៅកាន់តំបន់អាស៊ីអាគ្នេយ៍ក្រោមលេសនៃការធ្វើដំណើរ ឬផ្ដល់ឱកាសធ្វើជាតារាបង្ហាញម៉ូតនៅក្នុងប្រទេសថៃ ជាពិសេសក្នុងទីក្រុងបាងកក និងខេត្តឈៀងម៉ៃ ហើយបន្ទាប់មក ក៏ត្រូវគេដកហូតលិខិតឆ្លងដែន ឬទូរសព្ទដៃ រួចក៏ត្រូវគេយកទៅបង្ខាំង ឬវាយដំ និងបង្ខំឱ្យចូលរួមក្នុងបណ្ដាញបោកប្រាស់និងការជួញដូរជាបន្តទៀត ឬបង្ខំឱ្យធ្វើការងារខុសច្បាប់ផ្សេងៗនៅតាមទីតាំងកំណត់ដទៃទៀត ។ ជាពិសេស ជនរងគ្រោះខ្លះ ត្រូវគេនាំយកទៅកាន់តំបន់គ្មានច្បាប់ទម្លាប់នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ជាទីកន្លែងដែលពួកគេត្រូវបានក្រុមឧក្រិដ្ឋជនកេងប្រវ័ញ្ចនៅក្នុងប្រតិបត្តិការឆបោកនៅតាមប្រព័ន្ធអ៊ីនធឺណិត ឬក្នុងករណីធ្ងន់ធ្ងរខ្លាំងបំផុត ដោយត្រូវគេគំរាមវះកាត់យកសរីរាង្គថែមទៀតផង ប្រសិនបើជនរងគ្រោះមិនអនុវត្តតាមអ្វីដែលពួកឧក្រិដ្ឋជនទាមទារ ដូចធ្វើបានដូចគោលដៅដែលពួកគេកំណត់ ។ គួររម្លឹកថា តាមរយៈរបាយការណ៍ខាងលើនេះ បានសង្កត់ធ្ងន់ថា នេះមិនមែនគ្រាន់តែជាបញ្ហាបាត់ខ្លួនធម្មតានោះទេ ប៉ុន្តែជាទម្រង់នៃការជួញដូរមនុស្សនាសម័យទំនើប ដោយជំរុញឱ្យពលរដ្ឋរបស់ខ្លួនទាំងអស់បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ៕ ប្រភព៖ SBS News | រូបភាព៖ Read more