លោក ដូណាល់ ជេ. ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើលិខិតជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញកម្ពុជា ចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃ «ក្រុមប្រឹក្សាសន្តិភាព The Board of Peace» និងក្លាយជាភាគីមួយនៃលក្ខន្តិកៈរបស់ក្រុមប្រឹក្សានេះ។
លិខិតដែលចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ពីសេតវិមាន ទីក្រុងវ៉ាស៊ីនតោន ត្រូវបានផ្ញើជាផ្លូវការ មកកាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដោយបញ្ជាក់ពីបំណងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើតយន្តការអន្តរជាតិថ្មីមួយ ដើម្បីពង្រឹងសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា និងដោះស្រាយជម្លោះសកល។
ក្នុងលិខិតនេះ លោកប្រធានាធិបតី ត្រាំ បានរំលឹកថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោកបានប្រកាសដាក់ឲ្យអនុវត្ត «ផែនការគ្រប់ជ្រុងជ្រោយ ដើម្បីបញ្ចប់ជម្លោះហ្គាហ្សា» ដែលជាគម្រោងផ្លូវដើរ ២០ ចំណុច ហើយទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីមេដឹកនាំពិភពលោក រួមទាំងប្រទេសនៅពិភពអារ៉ាប់ អ៊ីស្រាអែល និងទ្វីបអឺរ៉ុប។ បន្ថែមពីនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានអនុម័តសេចក្តីសម្រេចលេខ ២៨០៣ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីស្វាគមន៍ និងគាំទ្រចក្ខុវិស័យនេះផងដែរ។
លោក ត្រាំ បានបញ្ជាក់ថា «ក្រុមប្រឹក្សាសន្តិភាព» នឹងក្លាយជាចំណុចកណ្ដាលនៃផែនការនេះ ដោយត្រូវបង្កើតឡើងជាអង្គការអន្តរជាតិថ្មីមួយ និងជារដ្ឋបាលអន្តរកាល សម្រាប់ការគ្រប់គ្រង និងការកសាងសន្តិភាពយូរអង្វែង។ ក្រុមប្រឹក្សានេះ នឹងប្រមូលផ្តុំប្រទេសជាច្រើន ដែលមានបំណង និងសមត្ថភាព ចូលរួមទទួលខុសត្រូវ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពសកល។
ក្នុងនាមជាប្រធានក្រុមប្រឹក្សា លោកប្រធានាធិបតីអាមេរិក បានអញ្ជើញជាផ្លូវការ ឲ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមជាសមាជិកស្ថាបនិកដើម និងតែងតាំងតំណាងមានសិទ្ធិអំណាច ដើម្បីចូលរួមក្នុងសកម្មភាព និងកិច្ចប្រជុំរបស់ក្រុមប្រឹក្សានេះ តាមនាមរដ្ឋរបស់ខ្លួន។
លោក ត្រាំ ក៏បានបញ្ជាក់ពីការទន្ទឹងរង់ចាំ កិច្ចសហការយ៉ាងជិតស្និទ្ធ និងរយៈពេលវែងជាមួយកម្ពុជា ដើម្បីឈានទៅរកគោលដៅនៃការបង្កើតសន្តិភាពពិភពលោកយូរអង្វែង សុវត្ថិភាព និងភាពរុងរឿង សម្រាប់មនុស្សជាតិទាំងមូល។


