ស្ថានការណ៍នយោបាយក្រោយការបោះឆ្នោតនៅប្រទេសថៃ កំពុងមានភាពតានតឹងខ្លាំង បន្ទាប់ពីក្រុមនិស្សិត និងប្រជាពលរដ្ឋជាច្រើនបានធ្វើបាតុកម្ម និងសម្រុកចូលទៅក្នុងបរិវេណអគាររដ្ឋាភិបាល ក្នុងទីក្រុងបាងកក គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ដើម្បីដាក់សម្ពាធឱ្យសមាជិកគណៈកម្មការបោះឆ្នោត (EC) ទាំង ៧ រូប លាលែងពីតំណែង និងទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ។
ការតវ៉ាបានកាន់តែតានតឹង បន្ទាប់ពីអាជ្ញាធរមិនអនុញ្ញាតឱ្យក្រុមបាតុករប្រើប្រាស់អគ្គិសនីសម្រាប់ម៉ាស៊ីនបំពងសំឡេង ដែលបណ្តាលឱ្យពួកគេសម្រេចចិត្តសម្រុកចូលទៅខាងក្នុងអគាររដ្ឋាភិបាល ដើម្បីបន្តថ្លែងសុន្ទរកថា និងអំពាវនាវឱ្យមានការចូលរួមតវ៉ាបន្ថែមទៀតពីសាធារណជន។
ទន្ទឹមនឹងស្ថានការណ៍នេះ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈកូល បានចេញមុខអំពាវនាវដល់កងកម្លាំងនគរបាល និងមន្ត្រីរដ្ឋបាល ឱ្យអនុវត្តច្បាប់ដោយភាពអត់ធ្មត់ និងគោរពសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ ជាពិសេសការទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ។ ទោះជាយ៉ាងណា លោកមិនទាន់បញ្ជាក់ច្បាស់ថា រដ្ឋាភិបាលនឹងអនុម័តឱ្យមានការរាប់ឆ្នោតឡើងវិញឬអត់នោះទេ ដោយអះអាងថា ត្រូវរង់ចាំការសម្រេចចិត្តរបស់គណៈកម្មការរៀបចំការបោះឆ្នោតតែប៉ុណ្ណោះ។
ក្នុងពេលដំណាលគ្នា ក្រុមចលនានិស្សិតធម្មសាស្ត្រ បានដាក់ញត្តិជាផ្លូវការទៅកាន់ EC ដោយលើកឡើងនូវលក្ខខណ្ឌចំនួន ៥ ចំណុច រួមមានការទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញទូទាំងប្រទេសដោយបើកចំហ និងការស៊ើបអង្កេតលើភាពមិនប្រក្រតីនានា ដូចជាករណីដាច់ចរន្តអគ្គិសនី និងតួលេខមិនស៊ីគ្នាអំឡុងពេលរាប់សន្លឹកឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ។
ក្រុមអ្នកតវ៉ាបានលើកឡើងថា ភាពយឺតយ៉ាវ និងកង្វះតម្លាភាពនៃការផ្សព្វផ្សាយទិន្នន័យលទ្ធផលបោះឆ្នោតតាមអនឡាញ គឺជាភស្តុតាងបង្ហាញពីការបរាជ័យរបស់ EC ក្នុងការធានាឱ្យមានការបោះឆ្នោតដែលយុត្តិធម៌ និងមានភាពទុកចិត្តបាន។
ជាការឆ្លើយតប អគ្គលេខាធិការរងនៃ EC លោក ណាត់តាវ៉ាត់ សាំងអ៊ីមសាក់ (Nattawat Sangiamsak) បានទទួលយកញត្តិ និងសន្យាថានឹងចាត់ការតាមនីតិវិធីច្បាប់ ដោយរំពឹងថានឹងបង្ហោះលទ្ធផលបោះឆ្នោតពីការិយាល័យជិត ១០ ម៉ឺនកន្លែង ទៅលើគេហទំព័រផ្លូវការរបស់ EC ក្នុងរយៈពេល ១ ទៅ ២ ថ្ងៃខាងមុខ។ លោកក៏បានបញ្ជាក់ថា EC កំពុងបញ្ជូនមន្ត្រីចុះស៊ើបអង្កេតលើករណីមិនប្រក្រតីនៅខេត្តឈុនបុរី និងពិចារណាលើសំណើរាប់សន្លឹកឆ្នោតឡើងវិញផងដែរ។
ទោះជាយ៉ាងណា ក្រុមអ្នកតវ៉ាជាច្រើននៅតែបន្តការបាតុកម្ម ដោយទាមទារឱ្យអាជ្ញាធរផ្តល់ចម្លើយដែលមានភាពច្បាស់លាស់ និងអនុវត្តវិធានការណ៍ជាក់ស្តែង ដើម្បីធានាថាការបោះឆ្នោតនៅប្រទេសថៃប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងមានតម្លាភាព ៕









