សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡើងវិញ ព្រមទាំងរៀបចំការស្នាក់នៅបណ្តោះអាសន្ន និងការជួយសម្រួលជីវភាពដល់ប្រជាពលរដ្ឋដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានវិញបាន។
សម្ដេចលើកឡើងបែបនេះ ក្នុងឱកាសដែលសម្ដេចធិបតី អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន ១,២៤៨ គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ក្នុងបរិវេណវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។
សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងផ្តោតលើការធានាសុវត្ថិភាព សុខុមាលភាព និងបរិស្ថានស្អាតសម្រាប់ប្រជាពលរដ្ឋដែលត្រូវចាកឆ្ងាយពីលំនៅដ្ឋាន ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឱ្យបានប្រសើរឡើង ក្នុងអំឡុងពេលមិនទាន់អាចត្រឡប់ទៅផ្ទះវិញ។
ជាមួយគ្នានេះ សម្ដេចធិបតីបានអះអាងយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ឡើយ ដោយបានគូសបញ្ជាក់ថា «សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល និងជាសុខទុក្ខរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស»៕


















