កាលពីថ្ងៃអាទិត្យ ប្រទេសចិនបានប្រគល់នាវិកហ្វីលីពីនចំនួន ១៧នាក់ ដែលខ្លួនបានជួយសង្គ្រោះពីការលិចកប៉ាល់មួយនៅជិតកំពង់ផែ ហ័ងយ៉ាន់ ដាវ ទៅឱ្យប្រទេសហ្វីលីពីនវិញហើយ។ នេះបើយោងតាមកាមចេញផ្សាយដោយសារព័ត៌មាន Xinhua។
កាលពីថ្ងៃសុក្រ កប៉ាល់ដឹកទំនិញមួយគ្រឿងដែលបានចុះបញ្ជីនៅប្រទេសសិង្ហបុរី ធ្វើដំណើរពីប្រទេសហ្វីលីពីនទៅកាន់ប្រទេសចិន បានលិចនៅក្នុងដែនទឹកក្បែរកំពង់ផែ ហ័ងយ៉ាន់ ដាវ។ ក្នុងចំណោមនាវិកទាំងនោះគឺមាន ពីរនាក់បានស្លាប់ ខណៈបួននាក់ផ្សេងទៀតបានបាត់ខ្លួន។
កាលពីព្រឹកថ្ងៃសុក្រ ក្រុមស្វែងរក និងជួយសង្គ្រោះតាមសមុទ្រ Sansha បានទទួលរបាយការណ៍មួយពីមជ្ឈមណ្ឌលស្វែងរក និងជួយសង្គ្រោះតាមសមុទ្រខេត្តហៃណាន ដែលបាននិយាយថា កប៉ាល់ដឹកទំនិញមួយគ្រឿងដែលធ្វើដំណើរពីប្រទេសហ្វីលីពីនទៅកាន់ខេត្ត ក្វាងទុង ភាគខាងត្បូងប្រទេសចិន ហើយក៏បានបាត់បង់ការទាក់ទង។
បញ្ជាការកងទ័ពរំដោះប្រជាជនចិនភាគខាងត្បូង បានបញ្ជូនយន្តហោះយោធាទៅធ្វើប្រតិបត្តិការស្វែងរក ខណៈនាវាឆ្មាំឆ្នេរសមុទ្រចិន (CCG) ចំនួនពីរគ្រឿងនៅក្បែរនោះក៏បានចូលរួមក្នុងបេសកកម្មជួយសង្គ្រោះផងដែរ។
គួរបញ្ជាក់ថា តាមការស្នើសុំរបស់ភាគីហ្វីលីពីន កាលពីរសៀលថ្ងៃអាទិត្យ CCG បានប្រគល់នាវិកទាំង ១៧នាក់ដែលត្រូវបានជួយសង្គ្រោះទៅឱ្យឆ្មាំឆ្នេរសមុទ្រហ្វីលីពីនវិញដោយជោគជ័យ៕




