ឥណ្ឌាបានរាយការណ៍ពីការឆ្លងរាលដាលនៃមេរោគកាចសាហាវ Nipah ដោយមានករណីឆ្លងចំនួន ៥នាក់ ត្រូវបានរកឃើញនៅរដ្ឋ West Bengal ខណៈមនុស្សប្រមាណ ១០០នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរីករាលដាល។
តាមការផ្សាយរបស់សារព័ត៌មាន Economic Times កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំង៥នាក់ មានទាំងគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ហើយអ្នកជំងឺខ្លះកំពុងមានអាការៈធ្ងន់ធ្ងរ។
ជាមួយគ្នានេះ សារព័ត៌មាន Independent បានរាយការណ៍ថា មេរោគ Nipah ត្រូវបានចាត់ទុកថា កាចសាហាវជាងជំងឺកូវីដ-១៩ ដោយអត្រាស្លាប់អាចឈានដល់ ៧៥% ហើយក្នុងករណីខ្លះអាចឡើងដល់ ៩០% ផងដែរ។
មន្ត្រីទីក្រុង Kolkata បានឲ្យដឹងថា អាជ្ញាធរកំពុងតាមដានមនុស្សជាង ៣០នាក់ ដែលមានការពាក់ព័ន្ធជិតស្និទ្ធជាមួយអ្នកជំងឺ ខណៈអ្នកផ្សេងទៀតប្រមាណ ១០០នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ករួចរាល់។ អាជ្ញាធរ West Bengal ក៏កំពុងអនុវត្តវិធានការសុខាភិបាលយ៉ាងតឹងរឹង ដើម្បីធានាថាមេរោគនេះមិនរីករាលដាលទៅតំបន់ផ្សេងទៀតឡើយ។
បើយោងតាម អង្គការសុខភាពពិភពលោក (WHO) មេរោគ Nipah គឺជាជំងឺឆ្លងពីសត្វមកមនុស្ស ជាពិសេសពីសត្វប្រចៀវ និងសត្វជ្រូក ហើយអាចឆ្លងតាមរយៈអាហារដែលមានមេរោគ ឬតាមការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកឆ្លងផងដែរ។
អ្នកឆ្លង Nipah ជាទូទៅចាប់ផ្តើមមានរោគសញ្ញាស្រដៀងនឹងជំងឺគ្រុនផ្តាសាយ ដូចជា គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ និងអស់កម្លាំង។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចមានរោគសញ្ញាផ្លូវដង្ហើម រលាកសួត ឬរលាកខួរក្បាល ដែលអាចបណ្តាលឲ្យវង្វេងវង្វាន់ សន្លប់ ឬស្លាប់។
មកទល់ពេលនេះ អ្នកជំនាញសុខាភិបាលបញ្ជាក់ថា មិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងបង្ការ Nipah ជាក់លាក់ នៅឡើយទេ ដោយការព្យាបាលត្រូវបានកំណត់ត្រឹមការថែទាំ និងបន្ថយរោគសញ្ញាប៉ុណ្ណោះ។




