ការស៊ើបអង្កេតរបស់អាជ្ញាធរចិនលើមេទ័ពជាន់ខ្ពស់មួយរូប បានបង្ហាញថា យុទ្ធនាការកម្ចាត់អំពើពុករលួយរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ដែលបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកនេះ បានឈានចូលដល់ «រង្វង់មនុស្សជំនិតបំផុត» របស់លោកហើយ។ ព្រឹត្តិការណ៍នេះ បញ្ជាក់ថា សូម្បីតែបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធបំផុត ក៏មិនអាចជៀសផុតពីការត្រួតពិនិត្យបានដែរ ប្រសិនបើត្រូវគេមើលឃើញថា ខ្វះភាពស្មោះត្រង់ចំពោះការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។
កាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិចិន បានប្រកាសបើកការស៊ើបអង្កេតលើលោក ចាង យូសៀ (Zhang Youxia) អនុប្រធានទី២ នៃគណៈកម្មការយោធាមជ្ឈិម (CMC) ពីបទ «រំលោភវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ»។ ជាមួយគ្នានេះ មេទ័ពជាន់ខ្ពស់មួយរូបទៀត គឺលោក លីវ ចិនលី (Liu Zhenli) ក៏ត្រូវបានដាក់ក្រោមការស៊ើបអង្កេតផងដែរ។
អ្នកជំនាញកិច្ចការផ្ទៃក្នុងចិន ឲ្យដឹងថា ការចាត់វិធានការលើលោក ចាង ដែលត្រូវបានចាត់ទុកថាជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់លោក ស៊ី និងជាសមាជិកការិយាល័យនយោបាយ បានធ្វើឱ្យអំណាចកាន់តែប្រមូលផ្ដុំនៅក្នុងដៃរបស់ប្រធានាធិបតីចិន។ ពួកគេក៏ព្រមានថា វាធ្វើឱ្យប្រព័ន្ធបញ្ជាការយោធារបស់ចិន ដែលមានភាពអាថ៌កំបាំងស្រាប់ កាន់តែពិបាកស្មានទៀតផង។
លោក ចូណាថាន់ ស៊ីន (Jonathan Czin) អ្នកស្រាវជ្រាវពីវិទ្យាស្ថានប្រ៊ុកឃីង (Brookings) និងជាអតីតអ្នកវិភាគជាន់ខ្ពស់នៃទីភ្នាក់ងារចារកម្មសម្ងាត់ស៊ីអាយអេ (CIA) បានថ្លែងថា «ការដកលោក ចាង យូសៀ ចេញ មានន័យថា ពិតជាគ្មាននរណាម្នាក់នៅក្នុងជួរថ្នាក់ដឹកនាំមានសុវត្ថិភាពទៀតឡើយ»។ លោកបានពណ៌នាព្រឹត្តិការណ៍នេះថា ជា «រឿងគួរឱ្យភ្ញាក់ផ្អើលខ្លាំងបំផុត» និងជាការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងនយោបាយចិន។
លោក ចាង យូសៀ មានអាយុ ៧៥ ឆ្នាំ ហើយតាមធម្មតាគួរត្រូវចូលនិវត្តន៍តាំងពីឆ្នាំ ២០២២ ប៉ុន្តែលោកប្រធានាធិបតី ស៊ី បានអនុញ្ញាតឱ្យលោកបន្តកាន់តំណែងក្នុងគណៈកម្មការយោធាមជ្ឈិម សម្រាប់អាណត្តិទី៣ ដែលបង្ហាញពីភាពជិតស្និទ្ធរវាងមេដឹកនាំទាំងពីរ។
បច្ចុប្បន្ន ស្ថាប័នដឹកនាំយោធាកំពូលចិន ដែលមានសមាជិក ៧ រូប ត្រូវបានរាយការណ៍ថា នៅសល់តែ ២ រូបប៉ុណ្ណោះដែលកំពុងបំពេញភារកិច្ច ដោយមានលោកប្រធានាធិបតី ស៊ី ជីនពីង ស្ថិតនៅកំពូលអំណាច។
កាសែតយោធាចិន បានរាយការណ៍ថា មេទ័ពទាំងពីររូបត្រូវបានចោទថា «រំលោភបំពានលើប្រព័ន្ធទទួលខុសត្រូវរបស់ប្រធាន» ដែលបង្ហាញថា ពួកគេអាចមានអំណាចលើសពីការគ្រប់គ្រងរបស់ប្រធានាធិបតី។
អ្នកវិភាគមើលឃើញថា ទោះបីជាការបោសសម្អាតនេះអាចបង្កឱ្យមានភាពខ្វះខាតមេដឹកនាំយោធាជំនួសជាបណ្តោះអាសន្នក៏ដោយ ប៉ុន្តែវាក៏ផ្តល់ឱកាសឱ្យលោក ស៊ី ជីនពីង រៀបចំជួរថ្នាក់ដឹកនាំថ្មី ដែលមានសមត្ថភាព និងភាពស្មោះត្រង់ ដើម្បីជំរុញគោលដៅទំនើបកម្មយោធារបស់ចិននាពេលអនាគត។






