កងទ័ពអាកាសភូមិន្ទថៃ (RTAF) បានរាយការណ៍ថា យន្តហោះហ្វឹកហាត់យោធាប្រភេទ AT-6 មួយគ្រឿង បានធ្លាក់ ខណៈកំពុងអនុវត្តភារកិច្ចហោះហើរហ្វឹកហ្វឺន នៅក្នុងស្រុក Jom Thong ខេត្តឈៀងម៉ៃ ប្រទេសថៃ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ១០:៣០ នាទីព្រឹក បណ្តាលឱ្យអ្នកបើកយន្តហោះ (ពីឡុត) ចំនួន ២ នាក់ បាត់បង់ជីវិតនៅកន្លែងកើតហេតុ។
តាមការបញ្ជាក់ពីកងទ័ពអាកាសថៃ យន្តហោះបានធ្លាក់នៅក្នុងភូមិ Ban Huay Fang នៃស្រុក Jom Thong ខេត្តឈៀងម៉ៃ។ បច្ចុប្បន្ន អាជ្ញាធរកំពុងបើកការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុនៃគ្រោះថ្នាក់នេះ ខណៈដែលកងទ័ពអាកាសបានបញ្ជូនក្រុមមន្ត្រីជំនាញទៅពិនិត្យកន្លែងកើតហេតុដោយផ្ទាល់។
កងទ័ពអាកាសថៃ បានបង្ហាញការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់មន្ត្រីអាកាសយានិកទាំងពីរ និងបានប្តេជ្ញាថា នឹងផ្តល់ព័ត៌មានបន្ថែម បន្ទាប់ពីការស៊ើបអង្កេតបានបញ្ចប់៕




