ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក បើកកិច្ចប្រជុំដំបូងរបស់ «ក្រុមប្រឹក្សាសន្តិភាព» (Board of Peace) ថា៖ ប្រទេសចំនួន៩ បានប្តេជ្ញាផ្តល់ថវិកាសរុប ៧ ពាន់លានដុល្លារ សម្រាប់ការជួយសង្គ្រោះ និងស្តារឡើងវិញតំបន់ហ្គាហ្សា ខណៈប្រទេសចំនួន៥ បានយល់ព្រមបញ្ជូនទ័ព ចូលរួមកម្លាំងស្ថិរភាពអន្តរជាតិ នៅក្នុងដែនដីប៉ាឡេស្ទីនដែលរងការខូចខាតពីសង្គ្រាម។
ប្រទេសឥណ្ឌូនេស៊ី ម៉ារ៉ុក កាហ្សាក់ស្ថាន កូសូវ៉ូ និងអាល់បានី បានប្តេជ្ញាបញ្ជូនទ័ព ចូលរួមកម្លាំងស្ថិរភាព ខណៈអេហ្ស៊ីប និងហ្ស៊កដានី បានយល់ព្រមបណ្តុះបណ្តាលកម្លាំងប៉ូលិស។ ការដាក់ពង្រាយទ័ពដំណាក់កាលដំបូង នឹងផ្តោតទៅលើទីក្រុង Rafah ដែលជាមជ្ឈមណ្ឌលប្រជាជនសំខាន់ និងត្រូវបានអាជ្ញាធរអាមេរិក រំពឹងថា នឹងក្លាយជាតំបន់ចាប់ផ្តើមការស្តារឡើងវិញ។
លោក Trump បានឲ្យដឹងថា ប្រទេសដែលបានប្តេជ្ញាផ្តល់ថវិកា រួមមាន កាហ្សាក់ស្ថាន អាហ្សែបៃហ្សង់ អារ៉ាប់អេមីរ៉ាត ម៉ារ៉ុក បារ៉ែន កាតា អារ៉ាប៊ីសាអូឌីត អ៊ូសបេគីស្ថាន និងគុយវ៉ែត។ លោកបានថ្លែងថា «រាល់ដុល្លារដែលត្រូវបានចំណាយ គឺជាការវិនិយោគទៅលើស្ថិរភាព និងក្តីសង្ឃឹមសម្រាប់តំបន់» ប៉ុន្តែបានទទួលស្គាល់ថា ថវិកានេះ នៅតែតិចជាងតម្រូវការប្រហែល ៧០ ពាន់លានដុល្លារ ដែលអ្នកជំនាញប៉ាន់ប្រមាណថា ត្រូវការសម្រាប់ស្តារហ្គាហ្សាឡើងវិញ បន្ទាប់ពីសង្គ្រាមអូសបន្លាយរយៈពេលពីរឆ្នាំ។
ក្នុងឱកាសដដែលនោះ សហរដ្ឋអាមេរិក ក៏បានប្រកាសប្តេជ្ញាផ្តល់ថវិកា ១០ ពាន់លានដុល្លារ សម្រាប់ «ក្រុមប្រឹក្សាសន្តិភាព» ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីការប្រើប្រាស់ថវិកានោះឡើយ។
ក្រុមប្រឹក្សាសន្តិភាព ត្រូវបានបង្កើតឡើងជាផ្នែកមួយនៃផែនការសន្តិភាព ដើម្បីរួមគ្នាដោះស្រាយជម្លោះនៅតំបន់ផ្សេងៗទៀតនៅលើពិភពលោក។ ទោះជាយ៉ាងណា មានការព្រួយបារម្ភពីមជ្ឈដ្ឋានអន្តរជាតិថា វាអាចក្លាយជាគូប្រជែងនឹង អង្គការសហប្រជាជាតិ ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកការបង្កើតក្រុមប្រឹក្សានេះថាមានសារៈសំខាន់ខ្លាំងបំផុត ជាមួយការផ្ញើសារទៅកាន់ប្រទេសដែលបដិសេធចូលរួម។
លោក ត្រាំ គូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿថាវាជាក្រុមប្រឹក្សាមួយដែលមានផលវិបាកបំផុត ប្រាកដណាស់នៅក្នុងលក្ខខណ្ឌនៃអំណាច និងកិត្យានុភាព»។ លោក ត្រាំ បានបន្ថែមថា «ស្ទើរតែគ្រប់គ្នា បានទទួលយកការអញ្ជេីញ ហេីយអ្នកដែលមិនចូលរួម ខ្លះក៏លេងចរិតគួរឱ្យស្រលាញ់ តែវាគ្មានប្រសិទ្ធិភាពឡេីយ។ អ្នកមិនអាចលេងសេីចជាមួយខ្ញុំបានទេ»។
លោក ត្រាំ មើលឃើញថាក្រុមប្រឹក្សាសន្តិភាពមានតួនាទីទូលំទូលាយ ក្នុងការដោះស្រាយជម្លោះពិភពលោក ដែលប្រទេសមួយចំនួនភ័យខ្លាចថាក្រុមប្រឹក្សានេះ អាចក្លាយជាគូប្រជែងរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែការពិតមួយដែលមិនអាចប្រកែកបាន នោះគឺរុស្ស៉ី និងបេឡារុស ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងក្រុមប្រឹក្សានេះ មានន័យថាប្រទេសលោកខាងលិចជាច្រើនត្រូវចាត់វិធានការដោយប្រុងប្រយ័ត្ន៕










