ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស ជៀសវាងការសាកថ្មទូរស័ព្ទតាម USB ដើម្បីបង្ការហានិភ័យលួចយកទិន្នន័យសំខាន់ៗ។
ការអំពាវនាវនេះ ត្រូវបានលើកឡើងក្នុងពិធី “យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២៦” ក្រោមប្រធានបទ «ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ» ដែលរៀបចំនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលធ្វើដំណើរទៅកម្សាន្តនៅបរទេស ជាពិសេសអ្នកធ្វើដំណើរញឹកញាប់ គួរជៀសវាងការប្រើប្រាស់ និងសាកថ្មតាម USB សាធារណៈ ព្រោះអាចបង្កឱ្យមានការលួចយកទិន្នន័យតាមឧបករណ៍។ ឯកឧត្តមបានណែនាំថា ការសាកថ្មតាមព្រីភ្លើងធម្មតា មានសុវត្ថិភាពជាង ហើយបើមិនចាំបាច់ គួរជៀសវាងការប្រើ USB ទាំងស្រុង។
ឯកឧត្តមបានលើកឡើងថា ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់យល់ច្បាស់អំពីហានិភ័យបច្ចេកវិទ្យា ជាក់ស្តែងនៅឆ្នាំ២០២៥ ករណីឆបោកតាមហ្គេមអនឡាញ និងការបន្លំធ្វើជាបុគ្គលិកវិស័យធនាគារ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ខាតបង់ប្រាក់ប្រមាណជាង ៤៥ លានដុល្លារអាមេរិក ខណៈសមត្ថកិច្ចអាចទាញយកមកវិញបានប្រមាណជាង ២៥ លានដុល្លារ និងប្រាក់មួយចំនួនទៀតបាត់បង់ទៅជាអចិន្ត្រៃយ៍។
ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា នៅលើពិភពលោក ក្នុងឆ្នាំ២០២៥ ក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ បានបង្កការខាតបង់ទឹកប្រាក់សរុបប្រមាណជាង ៤៤ ពាន់លានដុល្លារអាមេរិក ដែលជាការបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃហានិភ័យសុវត្ថិភាពឌីជីថល។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា យល់ដឹងអំពីសុវត្ថិភាពអ៊ីនធឺណិត និងអនុវត្តវិធានការការពារទិន្នន័យផ្ទាល់ខ្លួន ដើម្បីចៀសវាងការខាតបង់ទ្រព្យសម្បត្តិ និងហានិភ័យផ្សេងៗពីឧក្រិដ្ឋកម្មបច្ចេកវិទ្យា។






