លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល ប្រជាជនកម្ពុជា គឺបានចងចាំ និងដឹងគុណយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន ចំពោះវីរភាពរបស់វីរយុទ្ធជនយ ដែលបានតស៊ូ លះបង់អាយុជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ហើយបានសរបញ្ជាក់ច្បាស់អំពីឆន្ទៈមនសិការស្នេហាជាតិយ៉ាងមុះមុតបំផុត។
ក្នុងឱកាសអញ្ជើញប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរយុទ្ធជនពលីរស់នៅក្នុងមូលដ្ឋានខេត្តសៀមរាប នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តសៀមរាប លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាន៍ថា ឈរលើស្មារតីនេះ លោកជំទាវបណ្ឌិត ក្នុងនាមតំណាងដោយផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តចុះដោយផ្ទាល់តាំងពីពិធីបុណ្យសពវីរយុទ្ធជនពលី ហើយក៏បានសាកសួរជាមួយសមាជិកក្រុមគ្រួសារ សាត់ញាតិវីរយុទ្ធជនពលី ដើម្បីស្វែងយល់អំពីតម្រូវការចាំបាច់ ដើម្បីខិតខំដោះស្រាយ និងស្តារជំហរគ្រួសារពេលដែលបាត់បង់សសរទ្រូងជាតិផង និងគ្រួសារផង។
ដោយមើលឃើញអំពីតម្រូវការចាំបាច់ ពិសេសជម្រកដ៏សមរម្យជូនដល់គ្រួសារវីរយុទ្ធជនពលី លោកជំទាវបណ្ឌិតបានបន្តពិនិត្យ និងសម្រេចឱ្យមានការសាងសង់ផ្ទះជូនដល់ក្រុមគ្រួសារ ហើយបានបន្តប្រគល់ជូនជាបន្តបន្ទាប់។
ក្នុងវេលានោះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាគ្រែពេទ្យសម្រាប់សម្រាក ថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ៕












































