លោក ALFARO MICHAEL BARRY អ្នកកាសែតអាមេរិកប្រចាំសេតវិមាន ដង្ហោយហៅលោក ដូណាល់ ត្រាំ ឲ្យជួយកម្ពុជា ក្រោយឃើញទាហានថៃ រាយបន្លាលួសហ៊ុមព័ទ្ធផ្ទះពលរដ្ឋខ្មែរ
លោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាមេរិកប្រចាំសេតវិមាន នៅល្ងាចថ្ងៃទី១៥ ខែសីហានេះ បានអញ្ជើញទៅដល់ទីតាំងព្រំដែនកម្ពុជា-ថៃ ដែលយោធាឈ្លានពានថៃ បានរាយបន្លាលួសហ៊ុមព័ទ្ធផ្ទះពលរដ្ឋខ្មែរ ក្នុងទឹកដីកម្ពុជា នៅឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីការពិតជាក់ស្តែង យកទៅផ្សព្វផ្សាយទៅកាន់ពិភពលោក។ ក្នុងការផ្សាយបន្តផ្ទាល់របស់អ្នកឆ្លើយឆ្លងព័ត៌មានអាមេរិកប្រចាំសេតវិមាន នៅម៉ោង៧និង៣២នាទីយប់ថ្ងៃសុក្រនេះ នៅឯព្រំដែនកម្ពុជា-ថៃ លោកបាននិយាយថា កម្ពុជាពិតជាត្រូវការសន្តិភាព ហើយបើថៃត្រូវការសន្តិភាពដែរ តើហេតុអ្វីថៃបាននិយាយជាមួយលោក ដូណាល់ ត្រាំ ហើយអំពីបទឈប់បាញ់ ប៉ុន្តែទង្វើរបស់ថៃ កំពុងតែប្រឆាំងនឹងបទឈប់បាញ់យ៉ាងច្បាស់ ។ លោកបានបន្តថា ថៃបានយកបន្លាលួសមកហ៊ុមព័ទ្ធផ្លូវ និងផ្ទះរបស់ប្រជាជនស្លូតត្រង់របស់កម្ពុជា ធ្វើបាបប្រជាជនស្លូតត្រង់ ។ លោកបាននិយាយដោយអារម្មណ៍ឈឺចាប់ជំនួសឲ្យប្រជាជនកម្ពុជាថា កម្ពុជាត្រូវការសន្តិភាព ប៉ុន្តែប្រទេសថៃមិនត្រូវការសន្តិភាពដូចបាននិយាយឡើយ គឺជ្រើសរើសសង្គ្រាម។ ថៃមិនបានធ្វើដូចអ្វី ដែលបាននិយាយជាមួយលោក ដូណាល់ ត្រាំ ឡើយ ។ លោក ALFARO MICHAEL BARRY កំពុងបង្ហាញការពិតទៅកាន់ពិភពលោកហើយថាតើថៃបានធ្វើទុក្ខបុកម្នេញមកលើកម្ពុជាយ៉ាងដូចម្តេចខ្លះ ? លោកបានដង្ហោយហៅប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យជួយកម្ពុជា ហើយប្រាប់យ៉ាងច្បាស់ពីទង្វើដ៏អាក្រក់របស់ថៃ។ ប្រជាជនស្លូតត្រង់ ដែលត្រូវថៃហ៊ុមព័ទ្ធបន្លាលួសយកផ្ទះ អត់មានផ្ទះនៅ ក្មេងៗ ត្រូវជ្រកក្រោមតង់ទាំងមេឃកំពុងភ្លៀងទាំងយប់ ។ Read more










