កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានអនុវត្តប្រតិបត្តិការបង្រ្កាបឧក្រិដ្ឋកម្មនៅម៉ោង ១៧និង០៣នាទី នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងតំបន់ចំការមួយ ស្ថិតនៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្នុងអំឡុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ១៤ នាក់ ដែលត្រូវចោទប្រកាន់ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងរួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ ឆ្នាំ។
ប្រតិបត្តិការនេះដឹកនាំដោយ វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ ៥១។
ក្នុងកន្លែងកើតហេតុ កម្លាំងបានរកឃើញវត្ថុតាងជាច្រើនរួមមាន៖
- ថ្នាំញៀនប្រភេទ WY ចំនួន ៦១៦ គ្រាប់ (ទម្ងន់ ៦២,៦៤ ក្រាម)
- គ្រឿងញៀន ICE ចំនួន ៣ កូនថង់កិប (ទម្ងន់ ៦,៧៤ ក្រាម)
- កាំភ្លើងវែង ២ ដើម (AK-47 និង CKC)
- ស្នាបាញ់គ្រាប់ឃ្លីដែក ១ ដើម
- គ្រាប់កាំភ្លើង AK ចំនួន ១៤៤ គ្រាប់
- ទូរស័ព្ទចល័ត ១៤ គ្រឿង
- សម្ភារៈសង្ស័យប្រើសម្រាប់ច្រកគ្រឿងញៀនផ្សេងៗ
ក្រោយសួរនាំ ជនសង្ស័យបានឲ្យសារភាពថា ពួកគេចូលរួមក្នុងសកម្មភាពខុសច្បាប់ដូចការចោទប្រកាន់ពិតប្រាកដ។ កម្លាំងបានកសាងសំណុំរឿង និងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត។
វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបញ្ជាក់ថា ប្រតិបត្តិការនេះអនុវត្តដោយមានការអនុញ្ញាតពី ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងការសម្របសម្រួលផ្លូវច្បាប់ពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ជនសង្ស័យទាំងអស់ និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីអនុវត្តតាមនីតិវិធីរដ្ឋប្បវេណី។




