រាជរដ្ឋាភិបាល បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យភាគីថៃបញ្ជូនកងទ័ពកម្ពុជាមកវិញឱ្យបានឆាប់ជាមួយសុវត្ថិភាព។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលប្រទេសថៃបន្តឃុំខ្លួន បានឱ្យដឹងថា អស់រយៈពេល១២៧ ថ្ងៃហើយ គិតចាប់តាំងពីពេលយោធិនទាំង១៨រូប ត្រូវបានចាប់ខ្លួន ដោយខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ដូចគ្នានេះដែរ គឺអស់រយៈពេល ១២៧ ថ្ងៃហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីជំរុញយុទ្ធនាការ ទាមទារការដោះលែងយោធិនរបស់យើងទាំងអស់នេះ តាមគ្រប់មធ្យោបាយការទូតដែលអាចធ្វើទៅ បាន រួមបញ្ចូលទាំងការទាក់ទងផ្ទាល់ជាមួយប្រទេសថៃ ការពិគ្រោះយោបល់ជាមួយមេដឹកនាំក្នុង តំបន់ និងអន្តរជាតិ និងការសម្របសម្រួលជាមួយអង្គការអន្តរជាតិដែលពាក់ព័ន្ធ។
សេចក្តីថ្លែងការណ៍បានបន្តថា គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលរាជរដ្ឋាភិបាលបានបន្តទាក់ទងធ្វើ ការជាមួយយ៉ាងជិតស្និទ្ធតាំងពីដំបូងមក បានផ្តល់ការគាំទ្រតាមតួនាទីរបស់ខ្លួន ក្នុងការធានាឱ្យ យោធិនរបស់កម្ពុជាដែលកំពុងស្ថិតក្នុងការឃុំខ្លួន បានទទួលនូវការគោរពសិទ្ធិស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិ ហើយក្រុមគ្រួសារទាំងអស់គ្នាក៏បានទទួលដំណឹងអំពីសុខទុក្ខរបស់ពួកគេជាប់ជាប្រចាំ។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនគាំទ្រការធ្វើ មាតុភូមិនិវត្តន៍យោធិនទាំងអស់ផងដែរ។
សេចក្តីថ្លែងការណ៍ បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់អាទិភាពខ្ពស់បំផុត ដល់ការជំរុញការដោះលែងយោធិនទាំង ១៨រូបរបស់កម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ អង្គការអន្តរជាតិ ក្រុមសង្គមស៊ីវិល និងគ្រប់បុគ្គលទាំងអស់ ដែលបាននៅឈរជាមួយកម្ពុជា ក្នុងការអំពាវនាវឱ្យមានការដោះលែងយោធិនទាំង ១៨រូប ដោយគ្មានបង្អែបង្អង់ និងគ្មានលក្ខខណ្ឌ ដូចមានបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕



