នគរបាលជំនាញផ្នែកបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ អំពាវនាវ ដល់ពលរដ្ឋចូលរួមគ្នាប្រុងប្រយ័ត្នទាំងអស់គ្នា ចំពោះទៀនធូប និងភ្លើងតុបតែង ដើម្បីបញ្ចៀសអគ្គិភ័យនាថ្ងៃចូលឆ្នាំខាងមុខ
លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា ក្រោមការដឹកនាំបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំតម្រង់ទិសជាប្រចាំពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥នេះ នាយកដ្ឋាន បានរៀបចំកម្លាំងជំនាញទូទាំងរាជធានី ខេត្ត ឱ្យផ្សព្វផ្សាយ ណែនាំប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងនៅតំបន់ងាយរងគ្រោះ ឬគោលដៅមានហានីភ័យ និងប្រឈមករណីអគ្គិភ័យ។ លោកបន្ថែមថា«ទន្ទឹមនោះ យើងក៏មានការចុះបង្រៀនដល់ពលរដ្ឋតាមតំបន់គោលដៅ និងណែនាំឱ្យពួកគាត់ចេះប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ ទាំងបុរាណ និងសម័យ ដូចជាបំពង់ពន្លត់អគ្គិភ័យគ្រប់ប្រភេទ ត្រូវធ្វើដូចម្ដេច និងបែបបុរាណមានធុងទឹក បាវខ្សាច់ ប៉ែល ត្រសេះ ឬកំណត់ចាស់ៗ ដើម្បីត្រៀមពេលដែលមានអគ្គិភ័យកើតមានឡើង ជាវិធីបឋមតើពលរដ្ឋអាចមានលទ្ធភាពពន្លត់ដោយខ្លួនឯងបានរបៀបម៉េចជាដើម»។ លោកឧត្តមសេនីយ៍ បានឱ្យដឹងថា អគ្គស្នងការនគរបាលជាតិ ក៏បានរៀបចំផែនការ ត្រៀមកម្លាំងជំនាញពង្រាយកម្លាំងការពារតំបន់សំខាន់ៗនៅក្នុងភូមិសាស្ត្ររាជធានី ខេត្ត ដោយម្យ៉ាងត្រៀមរថយន្តពន្លត់អគ្គិភ័យ និងម្យ៉ាងចូលរួមដឹកទឹកបាញ់ជូនពលរដ្ឋលេងកម្សាន្តតាមគោលដៅរៀបចំសង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំ។ លោកបានសំណូមពរប្រជាពលរដ្ឋទាំងអស់ គឺ មុននិងក្រោយពិធីបុណ្យចូលឆ្នាំថ្មី សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់នូវការប្រើប្រាស់ប្រភពភ្លើង ពោលគឺមុនចាកចេញពីលំនៅដ្ឋានត្រូវពន្លត់ភ្លើង ទៀន ធូប ឬបិទកុងតាក់ភ្លើង ចង្ក្រានហ្គាសឱ្យបានរួចរាល់ Read more