លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានផ្ញើលិខិតជាផ្លូវការទៅឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Türk ស្នើសុំឱ្យអង្គការសហប្រជាជាតិចូលរួមអន្តរាគមន៍ជាបន្ទាន់ ក្នុងករណីទាហានកម្ពុជាចំនួន២០នាក់ត្រូវបានកងទ័ពថៃឃុំខ្លួនដោយខុសច្បាប់ បន្ទាប់ពីការព្រមព្រៀងឈប់បាញ់ថ្មីៗនៅតំបន់ព្រំដែនជាប់ប្រាសាទព្រះវិហារ។
ក្នុងលិខិតមានការបញ្ជាក់ថា ថៃបានប្រគល់ត្រលប់ទាហានកម្ពុជាមកវិញតែចំនួន២នាក់ប៉ុណ្ណោះ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ខណៈទាហានទាំងពីរនាក់មានសភាពសុខភាពផ្លូវកាយ និងផ្លូវចិត្តយ៉ាងរងគ្រោះ។ ជាក់ស្តែង ម្នាក់បានពិការភាពរាងកាយ និងម្នាក់ទៀតរងរបួសផ្លូវចិត្ត ដោយសន្មត់ថាជាលទ្ធផលនៃការធ្វើទារុណកម្ម និងអំពើអមនុស្សធម៌ក្នុងពេលស្ថិតក្នុងការឃុំឃាំង។
លោក កែវ រ៉េមី បានលើកឡើងថា ទង្វើរបស់កងទ័ពថៃជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនៅលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌ ដែលរួមមានអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្ស (UDHR) កតិកាសញ្ញាសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) កតិកាសញ្ញាសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) អនុសញ្ញាប្រឆាំងទារុណកម្ម (CAT) និងអនុសញ្ញាស្ដីពីការការពារការបាត់ខ្លួនដោយបង្ខំ (CED)។
ក្នុងនាមប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការទប់ស្កាត់វិបត្តិ តាមរយៈការសន្ទនា និងសហប្រតិបត្តិការ។ លោក កែវ រ៉េមី បានអំពាវនាវឱ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) ចូលរួមដោះស្រាយបញ្ហានេះជាបន្ទាន់ ដោយធ្វើសកម្មភាពដូចជា៖
- ស្នើឱ្យថៃដោះលែងទាហានកម្ពុជានៅសល់ចំនួន ១៨នាក់ ភ្លាមៗដោយគ្មានលក្ខខណ្ឌ
- បើកការស៊ើបអង្កេតឯករាជ្យដោយអង្គការអន្តរជាតិ
- ផ្តល់ជំនួយវេជ្ជសាស្ត្រ និងចិត្តសាស្ត្រចំពោះជនរងគ្រោះ
- ទាមទារឲ្យមានការទទួលខុសត្រូវចំពោះជនល្មើស
- អនុញ្ញាតឱ្យនីតិវិធីពិសេសរបស់ UN ចូលធ្វើបេសកកម្មស្វែងរកការពិត
- អំពាវនាវឱ្យរដ្ឋាភិបាលថៃអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ
សិទ្ធិមនុស្សកម្ពុជា ( CHRC បញ្ជាក់ថា កម្ពុជាអំពាវនាវឱ្យសហប្រជាជាតិជួយលើកស្ទួយសិទ្ធិរបស់ជនរងគ្រោះ និងធានាបាននូវយុត្តិធម៌ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ដែលជាគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។






