ព្រះមហាក្សត្របានចេញព្រះរាជសារនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលការប្រគល់ភារកិច្ចនេះ ជូនសម្តេចទាំងពីរនេះ គឺធ្វើឡើងក្នុងកាលៈទេសៈដែលកម្ពុជាកំពុងប្រឈមនឹងការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដី ពីសំណាក់យោធាថៃ។
ក្នុងព្រះរាជសារនោះ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី បានត្រាស់បង្គាប់យ៉ាងដូច្នេះថា ៖« ដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»។
ព្រះមហាក្សត្រ ក៏បានសម្តែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរយ៉ាងក្រៃលែង ចំពោះវីរភាពដ៏អង់អាច ក្លាហាន របស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូការពារជាតិ ការពារទឹកដី និងការពារប្រជាជន។ ជាមួយគ្នានេះ ព្រះជាម្ចាស់ជីវិតតម្កល់លើត្បូង ក៏បានសរសើរប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបានរួបរួមជាកម្លាំងសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។
កន្លងមក កាសែតថៃមួយចំនួនបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក ថាសម្តេច ហ៊ុន សែន ធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ការលើកឡើងរបស់អ្នកទាំងនោះ ក៏ព្រោះតែឃើញ សម្តេច ចូលរួមបញ្ជាកងទ័ពក្នុងការប្រយុទ្ធប្រឆាំងពីឈ្លានពានរបស់យោថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។
«មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ។ សម្រាប់ការបញ្ជាកងទ័ពសូមមើល ព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជាដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំដែលបាននិងកំពុងធ្វើនិងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព»។ សម្តេច ហ៊ុន សែន បានឆ្លើយតបបែបនេះ នាយប់ថ្ងៃទី៤ ខែសីហា ទៅកាន់ឆ្លើយកាន់កាសែតថៃ និងអ្នកវិភាគថៃមួយចំនួន។
លើសពីនេះ សម្តេច ហ៊ុន សែន ដែ បានចោទជាសំណួរទៅកាន់កាសែតថៃ និងក្រុមអ្នកវិភាគថៃវិញថា ៖ « ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិដែលមានចរិតជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងកម្ពុជា? សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានភារកិច្ចជួយព្រះមហាក្សត្រ លើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។ តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ។»។
សម្តេច ហ៊ុន សែន បានអះអាងបន្ថែមថា បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំមកនេះ សម្តេចគឺមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានប្រាប់ឱ្យប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់សម្តេច ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព។
គួររំឭកថា កាលពីព្រឹកថ្ងៃទី២៤-២៨ខែកក្កដា យោធាថៃបានបើកការវាយប្រហារយ៉ាងកម្រោលមកលើទឹកកម្ពុជា។ ក្នុងប្រតិបត្តិការឈ្លានពានទឹកដីក្នុងរយៈពេល៥ថ្ងៃមកនេះ យោធាថៃបានសព្វាវុធធុនធ្ងន់ និងសាហាវមកលើកម្ពុជា។ ក្នុងនោះ កងទ័ពថៃបានប្រើយន្តហោះចម្បាំង F-16 គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនពិឃាត គ្រាប់បែក MK-84 MK-82…ជាដើម ដែលបង្កឱ្យមានជនស៊ីវិលស្លូតត្រង់ស្លាប់-របួសជាច្រើននាក់។ ការវាយប្រហារយ៉ាងកម្រោលរបស់យោធានេះបានបង្ខំឱ្យប្រជាពលរាប់សិបម៉ឺននាក់ចាកចេញពីភូមិឋានរបស់ខ្លួន។
គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ជនភៀសសឹកនៅកម្ពុជាមាន ១៧២ ០៩៤នាក់។ បើតាមរបាយការណ៍ពីលោកស្រី ម៉ាលី សុជាតា នៅខេត្តឧត្តរមានជ័យមានជនភៀសសឹក ៣៩ ៥៤៦នាក់, ព្រះវិហារ មាន៣៤ ៥៥៨នាក់, បន្ទាយមានជ័យ មាន៣៥ ០៥៧នាក់, ពោធិ៍សាត់ មាន ៣ ០២៦នាក់ និងខេត្តសៀមរាបមាន៦១ ៩០៧នាក់។
ដ្បិត បច្ចុប្បន្នមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលមានភាគីប្រទេសម៉ាឡេស៊ី ប្រធានអាស៊ាន សហរដ្ឋអាម៉េរិក និងចិន ជាធ្វើសាក្សីក្តី ក៏ប៉ុន្តែកម្ពុជាគឺនៅរងការឈ្លានពាន និងការគំរាមកំហែងពីសំណាក់យោធាថៃ។ ពោល នៅម៉ោង ១១ ព្រឹកថ្ងៃទី៤ ខែសីហា ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា។ លើសពីនេះ កងទ័ពងថៃ បានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់កម្ពុជាយ៉ាងណាក៏ដោយ។ នេះជាការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ៕

