តាមសេចក្តីថ្លែងការ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានទម្លាក់ពន្ធលើទំនិញកម្ពុជាមកត្រឹម១៩% ខណៈកម្ពុជាយកពន្ធអាមេរិក ០%។
ការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ ជុំវិញដំណឹងដ៏ល្អរបស់កម្ពុជា, ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជាមកនៅត្រឹម១៩%។
គួរំលឹកចាប់តាំងពីរងពន្ធគយបដិការដែលអាម៉េរិក បានដាក់លើបណ្តាប្រទេសជាច្រើនក្នុងខែមេសា ប្រទេសជាច្រើន បានបន្តគ្នាទៅចរចាជាមួយអាម៉េរិក ក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដើម្បីទម្លាក់ពន្ធគយ និងអាចបន្តនាំទំនិញទៅអាម៉េរិក។ កម្ពុជា ដែលរងពន្ធគយ៤៩ភាគរយ ត្រូវបានអាម៉េរិកទម្លាក់មកត្រឹម ៣៦ភាគរយ នៅពេលកន្លងមក ហើយចុងក្រោយមកត្រឹម ១៩ភាគរយ។
នេះជាអត្រាពន្ធគយទាបជាងគេលំដាប់ទីពីរ ក្នុងតំបន់អាស៊ាន ព្រោះសិង្ហបុរីស្ថិតនៅកម្រិតទាបជាងគេ ដែលរងពន្ធគយមូលដ្ឋានចំនួន ១០ភាគរយ កាលពីខែមេសា។
ទាក់ទិននឹងការបន្ថយពន្ធដ៏ច្រើនពីអាម៉េរិកនេះ សម្តេច ហ៊ុន ម៉ាណែត បានអរគុណភាគីអាម៉េរិក ជាពិសេសលោក ប្រធានាធិបតី ដូណាល់ ត្រាំ ហើយថែមទាំងបានជួយអន្តរាគមន៍រកបទឈប់បាញ់រវាងកម្ពុជា និងថៃថែមទៀត។
«លោកប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិកបន្តទៅទៀត»។ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ នៅលើគណនី Facebook ក្នុងថ្ងៃទី១ ខែសីហា។
ក្នុងចំណោមបណ្តាប្រទេសអាស៊ាន កម្ពុជា, ឥណ្ឌូណេស៊ី, ថៃ, ហ្វីលីពីន និងម៉ាឡេស៊ីរងពន្ធគយ ១៩ភាគរយ។ ចំណែកវៀតណាម ២០ភាគរយ ហើយព្រុយណេចំនួន ២៥ភាគរយ។ ឡាវ និងមីយ៉ាន់ម៉ា រងធ្ងន់ជាងគេរហូតដល់ ៤០ភាគរយ។ ដោយឡែកសិង្ហបុរី នៅតែបន្តរងពន្ធគយមូលដ្ឋានចំនួន ១០ភាគរយ៕


