អគ្គនាយកគយនិងរដ្ឋាករកម្ពុជា៖ ទំនិញនាំចូលពីប្រទេសថៃមកប្រទេសកម្ពុជានៅតែអាចនាំចូលធម្មតា ដោយហាមឃាត់ បន្លែ ផ្លែឈើនិងប្រេងឥន្ធនៈ តែប៉ុណ្ណោះ
អគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំនិញនាំចូលពីប្រទេសថៃមកប្រទេសកម្ពុជានៅតែអាចនាំចូលធម្មតា ដោយហាមឃាត់បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈតែប៉ុណ្ណោះ ដោយសារតែមកដល់ពេលនេះមិនទាន់បានទទួលការណែនាំបន្ថែមថា ទំនិញផ្សេងៗក្រៅពីទំនិញហាមឃាត់ ត្រូវហាមមិនឱ្យនាំចូលមកកម្ពុជានោះទេ គឺនៅតែអាចនាំចូលបានធម្មតា ។ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ នៃអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើបច្ចុប្បន្នភាពនូវមុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាដល់បណ្តាអាជីវករនិងពាណិជ្ជករ ធុរជន និងសាធារណជន រួមមាន បន្លែ ផ្លែឈើ ប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈ ដែលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈមាន៥ប្រភេទ ដូចជា ៖ ប្រេងសាំង ,ប្រេងម៉ាស៊ូត ,ឧស្ម័នរាវសម្រាប់ដុត ប្រេងខ្មៅ ,ប្រេងសាំងយន្តហោះ ។ ឯកឧត្តមបណ្ឌិតបានបន្តថា សម្រាប់មុខទំនិញផ្សេងៗទៀត ក្រៅពីមុខទំនិញហាមឃាត់ខាងលើ គឺមិនមែនជាកម្មវត្ថុនៃការហាមឃាត់ការនាំចូលនោះទេ ។ អាជីវករនិងពាណិជ្ជករ នៅបន្តនាំចូលកម្ពុជាបានជាធម្មតា ដោយបំពេញបែបបទនិងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន ។ Read more