នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងចំនួនពីរ ដែលមានទឹកប្រាក់សរុប ២.៨៤២លានយ៉េន (ប្រមាណ១៨,៩ លានដុល្លារអាម៉េរិក)៖
១. ទឹកប្រាក់ចំនួន ១.៧០០លានយ៉េន (ប្រមាណ ១១,៣ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងសមាហរណកម្មការបោសសម្អាតគ្រាប់មីន និងសង្គ្រោះជនពិការ ដោយសារគ្រាប់មីន (ដំណាក់កាលទី៣) និង
២. ទឹកប្រាក់ចំនួន ១.១៤២លានយ៉េន (ប្រមាណ ៧,៦ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងជំនួយម៉ាស៊ីនស្កែនកុងតឺន័រ នៅចំណតកុងតឺន័រថ្មី កំពង់ផែ ក្រុងព្រះសីហនុ។
ហិរញ្ញប្បទានឥតសំណងនេះ បង្ហាញពីការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ប្រទេសជប៉ុនសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយជំរុញកំណើនប្រកបដោយចីរភាព។ ហិរញ្ញប្បទាននេះក៏ជាសក្ខីភាពមួយនៃការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕





