ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងអំពើចោរកម្មនានា នៅតែមានអត្រាខ្ពស់នៅតាមមូលដ្ឋាន។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៥ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក ត្រូវរួមសហការគ្នា ដើម្បីលើកកម្ពស់ការអនុវត្តគោលនយោបាយឃុំ-សង្កាត់មានសុវត្ថិភាព និងធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តមបានលើកទឹកចិត្តឱ្យសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តច្បាប់ឱ្យបានពេញលេញ និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យបានសកម្ម ខណៈបច្ចុប្បន្ន ការជួញដូរគ្រឿងញៀននៅតែមានអត្រាខ្ពស់។
សំឡេង៖ «រឿងវាដដែលៗពេក ប្រជាពលរដ្ឋស្នើសុំដោះស្រាយ មិនបានធ្វើឱ្យមានភាពលំបាកក្នុងការចូលរួម។ បន្ទាប់ពីបានធ្វើ Survey (ស្ទង់មតិ) ជិត៤០០ឃុំ-សង្កាត់ បញ្ហាគ្រឿងញៀន ក្មេងទំនើង ការលួចសត្វពាហនៈ និងល្បែងស៊ីសងនៅក្នុងមូលដ្ឋាន គឺជាបញ្ហាដែលនៅតែមានអត្រាខ្ពស់»។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀន មិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែមាននៅគ្រប់ប្រទេសក្នុងពិភពលោក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីករណីបង្ក្រាប និងរឹបអូសគ្រឿងញៀនថា កាលពីមុន ការបង្ក្រាបបានគ្រឿងញៀនប្រមាណ៥គីឡូក្រាម ហើយយកមកដុតបំផ្លាញចោល គេចាត់ទុកថាជាចំនួនច្រើន ប៉ុន្តែបច្ចុប្បន្ន ករណីបង្ក្រាបម្តងៗ អាចមានបរិមាណជិតមួយតោនឯណោះ។ ឯកឧត្តមបានចាត់ទុកថា នេះជាបញ្ហាដ៏ធំបំផុតមួយ។
បើតាមឯកឧត្តម ស សុខា ការនាំចេញគ្រឿងញៀនចេញពីកម្ពុជា កាលពីមុន ភាគច្រើនពាក់ព័ន្ធនឹងជនជាតិអាហ្វ្រិក ប៉ុន្តែបច្ចុប្បន្ន ក៏មានជនជាតិអង់គ្លេស ជប៉ុន និងកូរ៉េ ជាដើម៕







