ប្រជាជនវៀតណាមជាង ៤០ ០០០នាក់ ត្រូវបានអូសទាញឱ្យចូលរួមក្នុងគម្រោងវិនិ យោគឆបោកមួយ ក្រោមរូបភាពជាកម្មវិធី Livestream លក់ផលិតផល ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI ដោយពួកគេបានចាញ់បោកអស់ថវិកាសរុបចំនួន ៤០៧ ពាន់លានដុង ឬស្មើនឹង ១៥,៧លានដុល្លារអាម៉េរិក ទៅក្នុងប្រព័ន្ធកម្មវិធីមួយ ដែលសន្យាផ្តល់ប្រាក់ចំណេញប្រចាំថ្ងៃ ពីការលក់ទំនិញតាមអនឡាញដោយស្វ័យប្រវត្តិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
នាយកដ្ឋានប៉ូលិសព្រហ្មទណ្ឌនៃក្រសួងសន្តិសុខសាធារណៈវៀតណាម បានប្រកាសថា ខ្លួនបានបង្ក្រាបប្រតិបត្តិការនៅពីក្រោយកម្មវិធី Tatao Live ដែលត្រូវបានចោទប្រកាន់ថា ដំណើរការដោយក្រុមជនបរទេស តាមរយៈក្រុមហ៊ុនដែលបានចុះបញ្ជីនៅទីក្រុងហាណូយ។
ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា ក្រុមនេះបានកិបកេងប្រាក់ជាង ២២០ ពាន់លានដុង (៨,៥ លានដុល្លារអាម៉េរិក) ខណៈអាជ្ញាធរបានបង្កកទ្រព្យសម្បត្តិមានតម្លៃជាង ៨,៦ ពាន់លានដុង (៣៣៣ ០០០ ដុល្លារ)។ ជនសង្ស័យចំនួន ៧នាក់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងករណីនេះ។
កម្មវិធី AI Livestream ខាងលើ ត្រូវបានផ្សព្វផ្សាយឃោសនាថា ជាប្រព័ន្ធមួយដែលអាចបង្កើតបុគ្គលនិម្មិតដោយប្រើប្រាស់ AI ដើម្បីលក់ផលិតផលដោយស្វ័យប្រវត្តិ ជាមួយការអះអាងថា មានកិច្ចសហការជាមួយកម្មវិធីលក់ទំនិញអនឡាញធំៗ ដូចជា TikTok, Shopee និង Lazada។
អ្នកប្រើប្រាស់ត្រូវបានប្រាប់ថា ពួកគេអាចរកប្រាក់បានដោយងាយស្រួល គឺគ្រាន់តែទិញកញ្ចប់សេវា AI Livestream រួចហើយបើកកម្មវិធីនោះ និងមើលវីដេអូរយៈពេលពី ៣០វិនាទី ទៅ ១នាទីប៉ុណ្ណោះ។ ប្រាក់ចំណូលដែលគេអះអាងថា បានមកពីការ Livestream, កម្រៃជើងសារ AI ឬរូបិយបណ្ណឌីជីថល ហៅថា Tatao Xu នឹងចូលទៅក្នុងកាបូបលុយឌីជីថល របស់អ្នកប្រើប្រាស់ ក្នុងរយៈពេលពី២ ទៅ ៤ម៉ោង ក្រោយ៕

