នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១ ០២០គ្រួសារ មកពីក្រុង-ស្រុកទាំង៧ ក្នុងខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតក៏បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយលើកទឹកចិត្តដល់អ្នកជំងឺចំនួន ៣៥០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយបានសម្តែងនូវក្តីអាណិតស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។
ក្នុងពិធីសំណេះសំណាលនៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់ លោកជំទាវបណ្ឌិតបាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងការផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខភាពរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោកជំទាវបណ្ឌិតបានបញ្ជាក់ថា អំណោយមនុស្សធម៌ដែលផ្តល់ជូននាពេលនេះ គឺបានមកពីការចូលរួមបរិច្ចាគដោយសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់គ្រួសារដែលជួបការលំបាក ទោះបីមិនអាចដោះស្រាយបញ្ហាបានក្នុងរយៈពេលវែងក៏ដោយ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិតក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាព ដោយកាត់បន្ថយការទទួលទានអាហារដែលមានជាតិស្ករ អំបិល និងខ្លាញ់ច្រើន ដើម្បីបង្ការជំងឺមិនឆ្លង ដូចជា ជំងឺទឹកនោមផ្អែម លើសឈាម ជំងឺបេះដូង និងមហារីក។ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងពិសាទឹកដាំពុះ ដើម្បីការពារសុខភាពម្តាយ និងទារក។
សម្រាប់អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង ១ ០២០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ៣០គីឡូក្រាម មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងឃីតមួយកញ្ចប់ដែលមានសារុង ក្រមា មុង និងភួយ ព្រមទាំងអាហារសម្រន់ និងទឹកបរិសុទ្ធ។
ដោយឡែក អ្នកជំងឺទាំង ៣៥០នាក់ ក៏ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាផងដែរ។ ក្នុងនោះ អ្នកជំងឺផ្នែកសម្ភពចំនួន ៨៥នាក់ ទទួលបានថវិកាម្នាក់ៗ ១០ម៉ឺនរៀល និងអ្នកជំងឺផ្នែកទូទៅចំនួន ២៦៥នាក់ ទទួលបានម្នាក់ៗ ៥ម៉ឺនរៀល។
បន្ទាប់ពីបញ្ចប់កម្មវិធីសួរសុខទុក្ខទាំងពីរ លោកជំទាវបណ្ឌិត និងក្រុមការងារ ក៏បានអញ្ជើញទៅគោរពបូជាទៀនធូប និងផ្កាភ្ញីនៅបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកតា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ដើម្បីបួងសួងសុំសេចក្តីសុខ និងសេចក្តីចម្រើនជូនប្រទេសជាតិផងដែរ៕




