កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការស្រាវជ្រាវ និងបោសសម្អាតបទល្មើសក្នុងមូលដ្ឋាន ជាលទ្ធផលឈានដល់ការឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន និងបង្កអសន្តិសុខសង្គមចំនួន ៣០នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ប្រតិបត្តិការបោសសម្អាតនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញ និងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសផ្សេងៗ ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា តាមការស្តាប់ចម្លើយសារភាពរបស់ក្រុមជនសង្ស័យទាំង ៣០នាក់ បានទទួលស្គាល់ថា កន្លងមកពួកគេពិតជាបានធ្វើសកម្មភាព លួច ឆក់ និងប្រើប្រាស់គ្រឿងញៀន ដែលតែងតែបង្កការរំខាន និងអសន្តិសុខជាប្រចាំនៅក្នុងក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានបញ្ជាក់បន្ថែមថា បន្ទាប់ពីទទួលបានចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងរួចរាល់។
បច្ចុប្បន្ន ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត បានបញ្ជូនខ្លួនជនសង្ស័យទាំង ៣០នាក់ ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕



