សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦កន្លងមកនេះ កម្ពុជាបានទទួលគម្រោងប្រមាណជា៧២គម្រោង ដែលមានទុនសរុបចំនួន ២៧០០លានដុល្លារ ។
ក្នុងឱកាសអញ្ជើញជាធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧Aនាខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៧ ខែសីហា កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ៧២ ។ ក្នុងនោះគម្រោងសរុបចំនួន ៥៧ បានពិនិត្យ និងបន្តនីតិវិធី ។ សម្តេចធិបតីមានប្រសាសន៍បន្តថា ក្នុងគម្រោងវិនិយោគនេះមានទុនសរុបចំនួន ២៧០០ លានដុល្លារ។
“គិតត្រឹមថ្ងៃទី៧ ខែសីហា គម្រោងវិនិយោគសរុបចំនួន ៧២ ក្នុងនោះគម្រោងសរុបចំនួន ៥៧ បានពិនិត្យ និងបន្តនីតិវិធី ដែលទុនសរុបនៃគម្រោងនេះមានចំនួន ២៧០០ លានដុល្លារអាមេរិក ។ គម្រោងនេះបង្កើតការងារជាង ៨ម៉ឺនកន្លែង”។
សម្តេចធិបតីមានប្រសាសន៍បន្ថែមថា ក្នុងចំណោមគម្រោងទាំងនោះមាននៅក្នុងខេត្តក្រចេះ ១៩គម្រោង ដោយគម្រោងចំនួន ១៤ ត្រូវបានពិនិត្យ និងបន្តនីតិវិធី គម្រោងទាំង១៩នេះ មានទុនសរុបចំនួន ១,១ ពាន់លានដុល្លារ , ខេត្តស្ទឹងត្រែង មានគម្រោងវិនិយោគមាន២០គម្រោង បង្កើតការងារជាង៤ពាន់កន្លែង , ខេត្តរតនគិរីគម្រោងស្នើសុំ១១គម្រោង មានទុនជាង៨០០លាន ដុល្លារត្រូវការកម្មករជាង៤ម៉ឺននាក់ និងខេត្តមណ្ឌលគិរីចំនួន២២គម្រោង ដោយគម្រោង១៣ បាននិងកំពុងបន្តពិនិត្យ ដែលមានទុន៥១៦លានដុល្លារ បង្កើតឱកាសការងារ៥ពាន់កន្លែង ។ បើតាមប្រសាសន៍សម្តេចធិបតី ខេត្តក្រចេះ ក៏កំពុងជំរុញការអភិវឌ្ឍ និងវិនិយោគដល់ឆ្នាំ២០២៨ បន្ថែមទៀត ៕


























