នៅរសៀលថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំមេបញ្ជាការរងទទួលការងារកសាងកម្លាំង ប្រធានមន្ទីរ និងនាយការិយាល័យចំណុះ ចូលរួមកិច្ចប្រជុំជាមួយក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរងនៃស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ នៃអនុគណៈកម្មការជ្រើសរើសយោធិនកងរាជអាវុធហត្ថ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំតូច ជាន់ទី៣ អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងរៀបចំការប្រឡងជ្រើសរើសពលទាហានថ្មី ឱ្យប្រព្រឹត្តទៅដោយរលូន និងស្របតាមលក្ខខណ្ឌដែលបានកំណត់។
តាមការបញ្ជាក់របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ការជ្រើសរើសនេះមានគោលបំណងបំពេញក្របខ័ណ្ឌកងរាជអាវុធហត្ថចំនួន ១០០នាក់ និងបម្រុងចំនួន ៦នាក់ សម្រាប់បេក្ខជនដែលមានបំណង និងស្ម័គ្រចិត្តចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ដោយមានមនសិការ និងឧត្តមគតិក្នុងការបម្រើជាតិមាតុភូមិ។
ចំពោះលក្ខខណ្ឌជ្រើសរើស បេក្ខជនត្រូវមានសញ្ជាតិខ្មែរ ភេទប្រុស នៅលីវ មានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ មានកាយសម្បទាគ្រប់គ្រាន់ និងសុខភាពល្អ ព្រមទាំងមានភក្ដីភាពចំពោះជាតិមាតុភូមិ និងគ្មានជាប់ពិរុទ្ធពីបទល្មើសផ្សេងៗ។
លើសពីនេះ បេក្ខជនត្រូវមានកម្រិតវប្បធម៌ចាប់ពីមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬមានលិខិតបញ្ជាក់ការសិក្សា ឬសញ្ញាបត្រសមមូល និងមានកម្ពស់ចាប់ពី ១,៧០ម៉ែត្រឡើងទៅ។ បេក្ខជនក៏ត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណៈសម្បត្តិ និងការប្រឡងសមត្ថភាព រួមមានការសរសេរតាមអាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងភាសាអង់គ្លេស ព្រមទាំងការត្រួតពិនិត្យសុខភាព ការពិនិត្យឈាម កាយសម្បទា និងទឹកនោម។ ចំពោះអ្នកដែលកំពុងបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ ត្រូវលាលែងពីក្របខ័ណ្ឌដើមជាមុនសិន។
ដោយឡែក ចំពោះដំណើរការចែកពាក្យចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ មានបេក្ខជនមកសុំពាក្យសរុបចំនួន ៧០៨នាក់ ក្នុងនោះមានបេក្ខជនគ្រប់លក្ខខណ្ឌបឋម និងទទួលបានពាក្យចំនួន ៥២៩នាក់ ខណៈបេក្ខជនចំនួន ១៧៩នាក់ មិនគ្រប់លក្ខខណ្ឌ និងមិនត្រូវបានចែកពាក្យ។
ចំពោះការដាក់ពាក្យ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ មានបេក្ខជនចំនួន ៤៦៣នាក់ បានមកដាក់ពាក្យ និងត្រូវបានទទួលពាក្យតាមលក្ខខណ្ឌ ខណៈបេក្ខជនចំនួន ៦៦នាក់ ដែលបានទទួលពាក្យរួចហើយ មិនបានមកដាក់ពាក្យតាមពេលកំណត់។
ការជ្រើសរើសពលទាហានថ្មីនេះ គឺជាផ្នែកមួយនៃការបំពេញក្របខ័ណ្ឌកងរាជអាវុធហត្ថ ដើម្បីពង្រឹងធនធានមនុស្ស និងបង្កើនសមត្ថភាពក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ៕




