ប្រទេសកម្ពុជានិងប្រទេសថៃ បានឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ដើម្បីជំរុញទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក និងសម្រួលដល់ដំណោះស្រាយដោយសន្តិវិធី។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៦ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ បានរៀបចំកិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ដែលមានគោលបំណងជំរុញទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក និងសម្រួលដល់ដំណោះស្រាយដោយ សមហេតុផល និងដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ។
គណៈកម្មការផ្សះផ្សា បានលើកទឹកចិត្តភាគីទាំងពីរឱ្យអនុវត្តវិធានការទាំងនេះឱ្យបានពេញលេញ និង មានប្រសិទ្ធភាព ដែលមានសារៈសំខាន់សម្រាប់ការជំរុញដំណើរការផ្សះផ្សា។ ក្នុងចំណោមវិធានការដែល បានឯកភាពគ្នា ភាគីទាំងពីរទទួលស្គាល់ថាពួកគេមានសិទ្ធិក្នុងការធ្វើសេចក្តីថ្លែងការណ៍ ដើម្បីការពារសិទ្ធិ ស្របច្បាប់របស់ខ្លួន ឬដើម្បីកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់។
លើសពីនេះ គណៈកម្មការផ្សះផ្សា បានកត់សម្គាល់ថា កិច្ចព្រមព្រៀង និងវិធានការនានាដែលកម្ពុជា និងថៃបានឯកភាពពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។ គណៈកម្មការ បានលើកទឹកចិត្តដល់ភាគីទាំងពីរឱ្យអនុវត្តកិច្ចព្រមព្រៀង និងវិធានការដែលមានស្រាប់ ដើម្បីជួយបង្កើតបរិយាកាសអំណោយផល ដល់ការចរចាប្រកបដោយការស្ថាបនា ក្នុងក្របខណ្ឌនៃដំណើរការផ្សះផ្សា។
គណៈកម្មការផ្សះផ្សានឹងរៀបចំកិច្ចប្រជុំលើកទី៣ របស់ខ្លួនជាមួយភាគីទាំងពីរ ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
គណៈប្រតិភូកម្ពុជា បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការផ្សះផ្សា និង តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ សម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគាត់ ក្នុងការសម្រួលការ ពិភាក្សាប្រកបដោយការស្ថាបនារវាងភាគីទាំងពីរ និងជួយភាគីទាំងពីរឱ្យឈានដល់ការឯកភាពគ្នាលើវិធានការ កសាងទំនុកចិត្តទាំងនេះ។
គណៈកម្មការផ្សះផ្សា នឹងចេញសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួន ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២នេះ នៅក្នុងពេលវេលាសមស្រប៕




