ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះជួបសួរសុខទុក្ខ និងដោះស្រាយដោយផ្ទាល់នូវបញ្ហាជំនន់ទឹកភ្លៀង ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត កន្លងមក ព្រមទាំងដាក់ចេញវិធានការបន្ត ដើម្បីបញ្ចៀសការលិចលង់ជាថ្មីនាពេលអនាគត។
ការថ្លែងនេះធ្វើឡើងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តម កែ គឹមយ៉ាន ដឹកនាំក្រុមការងារចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋជិត ១ពាន់គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បាននាំនូវបណ្តាំសួរសុខទុក្ខ ការនឹករលឹក និងការលើកទឹកចិត្តពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់គិតគូរ និងដាក់ចេញយុទ្ធសាស្ត្រ ព្រមទាំងវិធានការនានា ដើម្បីការពារឧត្តមប្រយោជន៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ ឯកឧត្តមបានស្នើដល់អាជ្ញាធរ និងប្រជាពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីភាព ឯកភាពជាតិ និងជឿជាក់លើរាជរដ្ឋាភិបាល ព្រមទាំងសហការផ្តល់ និងចែករំលែកព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពទឹកជំនន់ ដើម្បីឱ្យការអន្តរាគមន៍ជួយសង្គ្រោះអាចធ្វើបានទាន់ពេលវេលា។ ជាពិសេស ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព រស់នៅស្អាត និងហូបស្អាត។
ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ព្រមទាំងក្រុមការងារ បាននាំយកអំណោយជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត សរុបជិត ១ពាន់គ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ៕






