ឯកឧត្តមប្រធានរដ្ឋឡាវបានវាយតម្លៃ ខ្ពស់ចំពោះវត្តមានរបស់សម្តេច បវរ ធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាក្នុងឱកាសដ៏ក្រៀមក្រំ ដែលនេះជាការបង្ហាញឱ្យឃើញនូវទំនាក់ទំនងជាប្រពៃណី មិត្តភាព សាមគ្គីភាព និងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និង យូរអង្វែង រវាងប្រទេសទាំងពីរ។
នេះជាការលើកឡើងរបស់ឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និង ជាប្រធាន រដ្ឋនៃ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ ក្នុងជំនួបនាឱកាសដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទៅកាន់ប្រទេសឡាវគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន (Khamtay Siphan done) អតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
ឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត ឡាវ បានស្វាគមន៍យ៉ាងកក់ក្តៅ និង ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ សម្តេច បវរធិបតី ដែលបានដឹកនាំ គណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នាយកឧត្តម សេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធាន គណៈកម្មាធិការមជ្ឈិមបក្ស និងជាអតីតប្រធានរដ្ឋឡាវ។
ឯកឧត្តម ប្រធាន រដ្ឋបាន ថ្លែងថា៖ ក្នុងនាមបក្ស រដ្ឋាភិបាល និងប្រជាជន ឡាវ ឯកឧត្តមសូម ថ្លែងអំណរព្រះរាជ គុណថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រ កម្ពុជា និងអរគុណ សម្ដេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា ដែលបានផ្ញើព្រះរាជសារ និងលិខិត ចូលរួមរំលែកទុក្ខ ជាមួយបក្សរដ្ឋាភិបាល និងប្រជាជន ឡាវ ចំពោះមរណភាព របស់ ឯកឧត្តម នាយឧត្តមសេនីយ ខាំតៃ ស៊ីផាន់ដន។
ឯកឧត្តម ប្រធានរដ្ឋ បានបញ្ជាក់ថា មរណភាពរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន ជាការបាត់បង់នូវ វីរបុរសជាតិដែល មានស្នាដៃ ជា ច្រើន ចំពោះជាតិមាតុភូមិ និងប្រជាជនឡាវ តាំងពីការចាប់ផ្តើមរំដោះប្រទេស,ការកសាង និងការអភិវឌ្ឍប្រទេស រហូតមកដល់បច្ចុប្បន្នព្រមទាំងជា ឥស្សរជនមួយរូបដែលចូលរួម ចំណែកក្នុងការពូនជ្រុំ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាង ឡាវ និងកម្ពុជា។
សម្តេចបវរ ធិបតី បានថ្លែងអំណរគុណ ឯកឧត្តមប្រធាន រដ្ឋឡាវ ដែលបានទទួលស្វាគមន៍ សម្តេចបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់ កម្ពុជា ក្នុងឱកាសចូលរួមគោរព វិញ្ញាណក្ខន្ធឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតែ ស៊ីផាន់ដន។
សម្តេចបវរ ធិបតី បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា សម្តេចសូមចូលរួម រំលែកមរណទុក្ខ ដ៏ក្រៀមក្រំបំផុតជាមួយ រដ្ឋាភិបាល និងប្រជាជន ឡាវ ចំពោះការបាត់បង់ វីរបុរស និងឥស្សរជនដ៏ ឆ្នើមដែលបានតស៊ូ និងលះបង់ពេញមួយជីវិតក្នុងការរំដោះកសាង និងអភិវឌ្ឍជាតិ សម្រាប់ប្រទេស និងប្រជាជន ឡាវ។
សម្តេចបវរ ធិបតី ក៏បានគូស រំលេចពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែង កម្ពុជា-ឡាវ ដែលមិនត្រឹមតែមានទំនាក់ទំនង ក្នុងការងារប៉ុណ្ណោះទេ ថែមទាំងមានទំនាក់ទំនង ក្នុងមនោសញ្ចេតនាជាបងជាប្អូន និងជាក្រុមគ្រួសារ។
ឯកឧត្តមប្រធានរដ្ឋ និងសម្តេចបវរ ធិបតី ក៏បានគូសបញ្ជាក់សាជាថ្មីថា នឹង បន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ និង រីកចម្រើនបន្ថែមទៀត៕









