បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធ ចូលរួមបង្ការទប់ស្កាត់អំពើឆបោក តាមអនឡាញ ចៀសវាងការខាតបង់ទ្រព្យសម្បត្តិលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជនតាមអនឡាញ។
សារអំពាវនាវនេះបានធ្វើឡើង ក្នុងពេលដែលសម្តេចមានវត្តមាន នៅក្នុងពិធីបញ្ចុះខណ្ឌសីមាសម្ពោធព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តអន្តរទីបការាម ហៅវត្តអណ្តូងស្វាយ ស្ថិតនៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ។
សម្តេច បានលើកឡើងថា ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា Digital ពិតមែនតែបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់មនុស្សយើងយ៉ាងណាក៏ដោយ តែក្តីបារម្ភក៏លេចឡើងមកជាមួយគ្នាដែរ នៅពេលបច្ចុប្បន្ននេះ ជាក់ស្ដែងយើងឃើញមានរូបភាព នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ដែលមានលក្ខណៈស្មុគស្មាញ ប្រទាក់ក្រឡានៅជុំវិញពិភពលោក រួមទាំងការកើនឡើង នៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាដើម ។
ទាក់ទងនឹងបញ្ហានេះ សម្តេចក្រឡាហោម ស ខេង បានស្នើឱ្យអាជ្ញាធរ ក៏ដូចជាគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ក្នុងនោះមានទាំងសិស្សានុសិស្សផងដែរ សូមយកចិត្តទុកដាក់ចូលរួមបង្ការទប់ស្កាត់អំពើឆបោក តាមប្រព័ន្ធអនឡាញនេះ ចៀសវាងការខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជនតាមអនឡាញ ។
សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងដែរថា គោលការណ៍ជារួមរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា តាំងពីមុនរហូតមកដល់នឹងពេលនេះ ហើយនឹងតទៅមុខទៀត យើងខិតខំបង្ខិតសេវានានា ឱ្យមកជិតនឹងប្រជាពលរដ្ឋ នេះគឺជាគោលការណ៍ ដែលមិនត្រូវកែប្រែឡើយ។
សម្តេច មានប្រសាសន៍ថា “សាលារៀនពីមុនអត់មានទេនៅម្តុំហ្នឹង ហើយត្រូវធ្វើយ៉ាងម៉េច ឱ្យមានសាលារៀននៅត្រង់ហ្នឹង នោះហើយគឺជាការផ្តល់សេវាជូនគាត់ មានន័យថា កូនចៅរបស់គាត់បានមករៀនសូត្រ នៅជិតផ្ទះរបស់គាត់។ ផ្លូវគមនាគមន៍ពីមុនអត់មានទេ វាភក់លំបាកណាស់ ហើយយើងលើកកម្រិតវាម្តងបន្តិចៗ ទៅរហូតដល់បានកៅស៊ូ ឬបេតុង ដោយមិនទុកឱ្យនៅជាផ្លូវគ្រួសក្រហមទៀតទេ នោះហើយគ៏ជាគោលការណ៍របស់រដ្ឋាភិបាលយើងដែរ”។
ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការសកម្មភាពអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលពាក់ព័ន្ធសមត្ថកិច្ចរបស់ខ្លួន ដូចជាការផ្តល់សេវាសាធារណៈ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធ តុលាការ ការលើកកម្ពស់ សោភ័ណ្ឌភាព អនាម័យ បរិស្ថាន និងជំងឺឆ្លងរាតត្បាតនានានៅតាមមូលដ្ឋាននីមួយៗ ។
សូមបញ្ជាក់ថា ព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តអន្តរទីបការាម ហៅវត្តអណ្តូងស្វាយ ដែលកសាងបាននាពេលនេះ ស្ថិតក្រោមការផ្តួចផ្តើម និងមានការឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស ដែលមាននិស្ស័យជាមួយនឹងព្រះពុទ្ធសាសនា ដោយបានបំពេញបុណ្យកុសលចូលរួមនូវការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងវត្តនេះជាបន្តបន្ទាប់ ជាក់ស្តែងសំណង់ព្រះវិហារទំហំ១០ម៉ែត្រគុណ១៦ម៉ែត្រ កម្ពស់១២ម៉ែត្រថ្មីនេះ ត្រូវបានសាងសង់អំពីបេតុងអារមេ ប្រក់ក្បឿងរចនាបថខ្មែរ រួមជាមួយនឹងសមិទ្ធផលមួយចំនួនទៀត ដែលចំណាយថវិកាសរុបជាង១៨ម៉ឺន៦ពាន់ដុល្លារអាមេរិក ក្នុងនោះ លោកឧកញ៉ាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ខៀវ ហុងចក់ឡេង ចំនួនជាង៣ម៉ឺន ១ពាន់ដុល្លារ លោក សុខ វាសនា អតីតប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកន្ទឺ២ និងលោកស្រី និងសហការី ចំនួន ជិត១១ម៉ឺន៦ពាន់ដុល្លារ ព្រមទាំងពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស ចំនួនជិត៤ម៉ឺនដុល្លារ ៕









