ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (AOT-KH) បានចុះបំពេញបេសកកម្មសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីស្ថានភាពជាក់ស្តែង និងជំហរសន្តិភាពរបស់កម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៩:២១នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលដឹកនាំដោយប្រធានបេសកកម្ម (HOM) មកពីសាធារណរដ្ឋហ្វីលីពីន ចុះទៅកាន់ចំណុចបង្គោលព្រំដែនលេខ៣៧ (បង្គោលឯកភាព) ស្ថិតក្នុងភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
គោលបំណងសំខាន់នៃការចុះសង្កេតការណ៍នេះ គឺដើម្បីផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងទូលំទូលាយ ផ្អែកលើការសង្កេតផ្ទាល់អំពីស្ថានភាពនៅតំបន់ព្រំដែន។ ទន្ទឹមនឹងនេះ វាក៏ជាការបង្ហាញពីគោលជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ និងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។
ក្នុងសេចក្តីប្រកាសដដែល ក្រសួងការពារជាតិបានបញ្ជាក់ជាថ្មីនូវជំហរម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការការពារខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម។ កម្ពុជាបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ «ខ្សែព្រំដែនមិនកែប្រែ» (Uti Possidetis Juris) និងគោរពតាមអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទីជាលទ្ធផលនៃការងារខណ្ឌសីមា កំណត់ហេតុបោះបង្គោលព្រំដែននានា រួមទាំង MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣ ផងដែរ។
ការបង្ហាញតម្លាភាពតាមរយៈការចុះសង្កេតការណ៍របស់ក្រុមការងារអាស៊ាននាពេលនេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ៕










