នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូនក្រុមគ្រួសារវីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតបានពាំនាំប្រសាសន៍រំលែកមរណទុក្ខ និងសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារវីរកងទ័ពពលី ដោយបានសម្តែងការគោរព និងចងចាំនូវស្មារតីស្នេហាជាតិ ភាពស្មោះស្ម័គ្រ និងវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពដែលបានលះបង់ដើម្បីបុព្វហេតុជាតិ។
ជាមួយគ្នានេះ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារ លោកជំទាវបណ្ឌិតក៏បាននាំយកអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមមានថវិកា ស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងសម្ភារៈចាំបាច់ផ្សេងៗ ប្រគល់ជូនដល់ក្រុមគ្រួសារវីរកងទ័ពពលីផងដែរ។
សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការគាំទ្រជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ចំពោះក្រុមគ្រួសារវីរកងទ័ពដែលបានលះបង់អាយុជីវិត ដើម្បីការពារបូរណភាពទឹកដី និងសន្តិភាពរបស់ជាតិ៕










