ក្រសួងបរិស្ថាន បានជូនដំណឹងដល់អភិបាលរាជធានី និងខេត្តទាំងអស់ ឱ្យពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះការហាមឃាត់នាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកប្រើប្រាស់រួចពីបរទេស ដើម្បីការពារសុខភាពសាធារណៈ បរិស្ថាន ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។
ក្រសួងបានបញ្ជាក់ថា យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងអនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង ការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកពីក្រៅប្រទេសចូលមកកម្ពុជា ត្រូវបានហាមឃាត់ជាដាច់ខាត។
ការលើកឡើងនេះ បន្ទាប់ពីក្រសួងសង្កេតឃើញថា ទីតាំងស្តុក ចែកចាយ និងលក់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកប្រើប្រាស់រួចមួយចំនួន បាននាំចូលសម្ភារៈទាំងនេះដោយលាយឡំជាមួយសំណល់គ្រោះថ្នាក់ ដែលអាចបង្កហានិភ័យដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។
សំណល់ដែលត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ រួមមាន ម៉ាស៊ីនត្រជាក់ ទូរទឹកកក ទូរបង្កក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនសម្ងួតខោអាវ ទូរទស្សន៍ កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ ទូរស័ព្ទ និងថេបប្លែត ព្រោះវាអាចមានផ្ទុកសារធាតុគ្រោះថ្នាក់ដូចជា បារត កាដមីញ៉ូម នីកែល ក្រូម អាសេនិក និងសំណ។
ក្រសួងបរិស្ថានបានព្រមានថា ប្រសិនបើសំណល់ទាំងនេះត្រូវបានទុកដាក់ ដោះបំបែក ឬកែច្នៃដោយមិនអនុវត្តតាមស្តង់ដារបច្ចេកទេស និងសុវត្ថិភាពបរិស្ថាន សារធាតុពុលអាចសាយភាយចូលទៅក្នុងដី ទឹក និងខ្យល់ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។
ក្រសួងបានអំពាវនាវឱ្យរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ សហការអនុវត្តវិធានការច្បាប់ឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការនាំចូលសំណល់គ្រោះថ្នាក់ និងធានាការគ្រប់គ្រងសំណល់ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព សម្រាប់ការការពារបរិស្ថាន និងសុខភាពសាធារណៈនៅកម្ពុជា៕






