យ៉ាអ៊ុនដេ៖ សភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie – APF) បានអនុម័តសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងដែលបន្តកើតមាននៅតាមព្រំដែនរវាងកម្ពុជា និងថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ហើយបានអំពាវនាវឱ្យគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងជំរុញឱ្យភាគីពាក់ព័ន្ធដោះស្រាយវិវាទដោយសន្តិវិធី។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំពេញអង្គរបស់ APF ដែលប្រារព្ធធ្វើនៅរដ្ឋធានីយ៉ាអ៊ុនដេ ប្រទេសកាមេរូន នាថ្ងៃទី១០–១១ ខែកក្កដា ឆ្នាំ២០២៦ តាមសំណើរបស់គណៈកម្មការនយោបាយ។
APF បានលើកឡើងថា ភាពតានតឹងនៅតាមព្រំដែនបានបណ្តាលឱ្យមានការបាត់បង់ជីវិត ការផ្លាស់ទីលំនៅរបស់ប្រជាជនស៊ីវិល និងមានរបាយការណ៍អំពីការរំលោភបំពានលើបទឈប់បាញ់ និងបូរណភាពទឹកដីរបស់កម្ពុជា។ សេចក្តីថ្លែងការណ៍ក៏បានបង្ហាញការព្រួយបារម្ភចំពោះការខូចខាតដល់ទីតាំងវប្បធម៌ និងសាសនា ដែលមួយចំនួនជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ក្នុងសេចក្តីថ្លែងការណ៍ដដែល APF បានអំពាវនាវឱ្យប្រទេសថៃគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា រក្សាការប្តេជ្ញាចិត្តចំពោះសន្តិភាពប្រកបដោយនិរន្តរភាពនៅតាមបណ្តោយព្រំដែន និងជៀសវាងសកម្មភាពឯកតោភាគីដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។
ជាមួយគ្នានេះ APF ក៏បានអំពាវនាវឱ្យភាគីទាំងពីរគោរពបទឈប់បាញ់ និងអនុវត្តតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
សភាប្រើភាសាបារាំងក៏បានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពដែលត្រូវបានរាយការណ៍នៅតំបន់ព្រំដែន រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ការរៀបចំពិធីសាសនានៅទីតាំងវប្បធម៌ និងសាសនា ព្រមទាំងគំនិតផ្តួចផ្តើមបែងចែកដីធ្លីក្នុងតំបន់ទាំងនោះ។ APF បានសោកស្តាយចំពោះការរងទុក្ខរបស់ប្រជាជនស៊ីវិល និងការខូចខាតដល់បេតិកភណ្ឌវប្បធម៌ ដែលចាត់ទុកជាកេរមរតករួមរបស់មនុស្សជាតិ។
ជាចុងក្រោយ APF បានអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹង បន្តកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ និងដកកងកម្លាំងប្រដាប់អាវុធចេញពីតំបន់ជម្លោះជាបន្ទាន់។ សភាប្រើភាសាបារាំងក៏បានគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគី ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមស្មារតីនៃកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ៕





