នាពេលឆាប់ៗខាងមុខនេះ កំណាត់ផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នឹងត្រូវដាក់បំភ្លឺដោយប្រព័ន្ធអំពូលភ្លើងឆ្លាតវៃដើរដោយថាមពលពន្លឺព្រះអាទិត្យ (Solar) ដែលជាជំហានថ្មីមួយក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសោភណភាពដងផ្លូវ។ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការដំឡើងអំពូលភ្លើងបំភ្លឺ ប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា»។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងរវាងស្ថាប័ន សំខាន់ៗរួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងរ៉ែ និងថាមពល, អគ្គិសនីកម្ពុជា (EDC) និងរដ្ឋបាលរាជធានី-ខេត្ត។
តាមរដ្ឋបាលខេត្តបាត់ដំបងឱ្យដឹងថា ពិធីចុះអនុស្សរណៈនាពេលនេះមានគោលបំណងដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការដំឡើងភ្លើងបំភ្លឺ ដោយប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ និងផ្លូវថ្នល់នានា ដើម្បីជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសន្តិសុខតាមបណ្តាញផ្លូវសាធារណៈ ជាពិសេសរួមចំណែកកាត់បន្ថយគ្រោះថា្នក់ពេលយប់ តាមបណ្តាញផ្លូវថ្នល់។ បើតាមឯកឧត្តម សុខ លូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឱ្យដឹងថាតាមរយៈអនុស្សរណៈនេះ ខេត្តបាត់ដំបងនឹងទទួលបានអំពូលភ្លើងបំភ្លឺដោយប្រើថាមពលពន្លឺព្រះអាទិត្យ សម្រាប់បំពាក់តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ចាប់ពីព្រំប្រទល់ខេត្តពោធិ៍សាត់ ដល់ខេត្តបន្ទាយមានជ័យ នៅពេលឆាប់ៗខាងមុខ៕















