ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន់ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា មិនងាករេក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
ថ្លែងក្រោយជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅវិមានព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា សម្តេចតេជោ បានកត់សម្គាល់ថា ទំនាក់ទំនងក្នុងវិស័យការពារជាតិរវាងកម្ពុជា និងម៉ាឡេស៊ី កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី ដែលក្នុងឱកាសធ្វើជាប្រធានអាស៊ានប្តូរវេន បានខិតខំប្រឹងប្រែងជួយសម្របសម្រួលលើបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។
ឯកឧត្តម ជា ធីរិទ្ធ បានបន្តថា ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងនាយឧត្តមសេនីយ៍ តាន់ ស្រី បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ។
សម្តេចតេជោ ក៏បានលើកឡើងអំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមគោលការណ៍ច្បាប់អន្តរជាតិ។
ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមថា សម្តេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី មកកម្ពុជា ជាផ្នែកមួយនៃការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។
ក្នុងជំនួបនេះដែរ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងបានបង្ហាញពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ី។
លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ បានបង្ហាញពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងកងទ័ពម៉ាឡេស៊ី៕









