ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និង ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលឥណ្ឌា ដល់ក្រសួងព័ត៌មាន ដើម្បីអនុវត្តគម្រោងទទួលផលរហ័ស (Quick Impact Project) នៅឆ្នាំ២០២៦ ចំនួន ២គម្រោង រួមមាន ១. គម្រោងចែកកង់ដើម្បីគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្សជួបការលំបាកនៅក្នុងសហគមន៍ ដំណាក់កាលទី២ និង ២.គម្រោងចិញ្ចឹមឃ្មុំដោយកសិករជួបការលំបាកក្នុងជីវភាពនៅក្នុងខេត្តក្រចេះ។
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ពិធីនេះគឺជាការបោះជំហានដ៏សំខាន់ក្នុងការបន្តការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដល់ក្រសួងព័ត៌មានដើម្បីរួមគ្នាពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍នៅក្នុងមូលដ្ឋាន។
ឯកឧត្តម បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ចំពោះការគាំទ្រជាបន្តបន្ទាប់ដល់ក្រសួងព័ត៌មាន ក្នុងការលើកកម្ពស់វិស័យព័ត៌មាន តាមរយៈគម្រោងបង្កើតមជ្ឈមណ្ឌលរក្សាទុកឯកសារនៅទីស្តីការក្រសួងព័ត៌មាន និងការអភិវឌ្ឍសហគមន៍ តាមរយៈគម្រោងបង្កើតមណ្ឌលសហគមន៍នៅស្រុកកោះសូទិន ខេត្តកំពង់ចាម គម្រោងចែកកង់ដំណាក់កាលទី១និងទី២ នៅស្រុកអូរគ្រៀងសែនជ័យ គម្រោងបំពាក់សូឡានៅស្រុកស្នួល និងគម្រោងចិញ្ចឹមឃ្មុំនៅស្រុកអូរគ្រៀងសែនជ័យ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋជួបការលំបាកនៅក្នុងមូលដ្ឋានខេត្តក្រចេះ។
សូមជម្រាបថា គម្រោងទាំងពីរនេះ មានរយៈពេល ១២ខែ ហើយនឹងត្រូវអនុវត្តនៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ក្រោមការដឹកនាំនិងសម្របសម្រួលពីក្រុមការងារអនុវត្តគម្រោងនៃលេខាធិការសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិ (ល.ស.ស.អ) នៃក្រសួងព័ត៌មាន។ នេះគឺជាឆ្នាំទី៣ហើយដែលក្រសួងបានទទួលហិរញ្ញប្បទានពី រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា សម្រាប់អនុវត្តគម្រោងទទួលផលរហ័ស នៅខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងនៅរាជធានីភ្នំពេញ៕











