នៅក្នុងយុទ្ធនាការ «ដាស់ស្មារតីជាតិ» ដែលបានប្រារព្ធឡើងយ៉ាងអធិកអធមនៅពហុកីឡដ្ឋានជាតិអូឡាំពិក ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអំពាវនាវឱ្យកូនខ្មែរគ្រប់រូប ចងចាំនូវប្រវត្តិសាស្ត្រនៃការឈឺចាប់ និងសោកនាដកម្មដែលកម្ពុជាបានឆ្លងកាត់ ដើម្បីរួមគ្នាការពារសន្តិភាព និងទប់ស្កាត់កុំឱ្យរបបយង់ឃ្នងមិនឱ្យវិលត្រឡប់មកវិញ។
នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានីបានលើកឡើងពីមូលហេតុនៃការរំលេចឡើងវិញនូវផ្ទាំងទស្សនីយភាព និងសាច់រឿងដែលមិនត្រឹមតែបង្ហាញពីអ្វីដែលបានកើតឡើងក្នុងឆ្នាំ២០២៥ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអតីតកាលដ៏ខ្មៅងងឹតរបស់កម្ពុជា ជាពិសេសគឺរបបប្រល័យពូជសាសន៍៣ឆ្នាំ៨ខែ២០ថ្ងៃ។
ឯកឧត្តមបញ្ជាក់ថា នៅលើទឹកដីនេះ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងទាំងក្នុងនិងក្រៅប្រទេស គឺនៅមានសាក្សីរស់ជាច្រើនរូប ដែលបានឆ្លងកាត់របបយង់ឃ្នងមួយនេះ។ ក្រៅពីនេះ វិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏បានឆក់យកអាយុជីវិតសមាជិកគ្រួសាររបស់យើងជាច្រើនផងដែរ»។
ឯកឧត្តមបានបន្តថា អ្វីដែលជាសោកនាដកម្មក្នុងឆ្នាំ២០២៥ ដែលយុទ្ធនាការចង់រំលេចឡើង គឺចង់បង្ហាញថា ការឈឺចាប់ និងទុក្ខសោករបស់ប្រជាជនខ្មែរមិនថាជំនាន់ណានោះទេ គឺជាការពិតដែលយើងគ្រប់រូបត្រូវតែចងចាំមិនអាចបំភ្លេចបាន។ ការចងចាំនេះ ត្រូវតែប្រែក្លាយទៅជា កម្លាំងជំរុញ ធ្វើយ៉ាងណាការពារមិនឱ្យការឈឺចាប់ទាំងនេះកើតមានជាថ្មីឡើយ។
ឯកឧត្តមបានរំលេច គំរូនិងបេសកកម្មជីវិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតែងតែសង្កត់ធ្ងន់ថា បេសកកម្មក្នុងជីវិតរបស់សម្តេចគឺមានតែមួយគត់ គឺធ្វើយ៉ាងណាកុំឱ្យប្រជាជនកម្ពុជាឈឺចាប់ កុំឱ្យរងទុក្ខវេទនា ដូចក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃទៀតឡើយ។ ដើម្បីសម្រេចបាននូវគោលដៅនេះ ឯកឧត្តមបានដាស់តឿនថា កូនខ្មែរគ្រប់រូបត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនឯង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងលើគ្រប់វិស័យ ដោយចាត់ទុកអ្វីៗដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រជាមេរៀនដ៏សំខាន់។
ឯកឧត្តមបានចែករំលែកនូវចំណាប់អារម្មណ៍របស់លោកគ្រូម្នាក់ ដែលជាសាក្សីរស់ ដែលធ្លាប់បានលើកឡើងថា យុវជនជំនាន់ក្រោយមួយចំនួនដែលមិនបានឆ្លងកាត់ ធ្លាប់តែគិតថារឿងរ៉ាវសោកនាដកម្ម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នោះ គ្រាន់តែជារឿងប្រឌិត ឬជាសាច់រឿងក្នុងភាពយន្តដែលមិនអាចកើតឡើងពិត។ ប៉ុន្តែតាមរយៈព្រឹត្តិការណ៍ឆ្នាំ២០២៥ សំឡេងសម្រែកកូនក្មេងរត់ចេញពីសាលារៀនក្រោមស្នូរគ្រាប់ផ្លោង និងការលះបង់របស់កងកម្លាំង ក៏ដូចជាជនភៀសសឹក បានធ្វើឱ្យយុវជនជំនាន់ក្រោយយល់កាន់តែច្បាស់ ដឹងកាន់តែច្បាស់ពីជម្រៅនៃការឈឺចាប់ដែលបង្កឡើងដោយសង្គ្រាម ទោះបីជាពួកគេកើតមិនទាន់របបប្រល័យពូជសាសន៍ក៏ដោយ។
«ខ្ញុំពិតជាមានមោទនភាពដែលកើតមកជាកូនខ្មែរ។ ទោះបីជាយើងត្រូវឆ្លងកាត់សង្គ្រាមឈ្លានពាន ជួបប្រទះការប្រមាថមើលងាយ និងការឈឺចាប់ស្ទើរតែគ្រប់ពេលវេលាក៏ដោយ ប៉ុន្តែគ្រប់កាលៈទេសៈទាំងអស់នោះហើយ ដែលបានសាកល្បង និងនាំមកនូវ “ស្មារតីឯកភាពជាតិដ៏រឹងមាំ” តែមួយរបស់ប្រជាជាតិយើង»។
គួរជម្រាបថា យុទ្ធនាការ«ដាស់ស្មារតីជាតិ» នេះ មិនត្រឹមតែជាការរំឭកឡើងវិញនូវការឈឺចាប់ក្នុងអតីតកាលដើម្បីជាមេរៀនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការដាស់តឿនដល់កូនខ្មែរគ្រប់រូប ឱ្យរួបរួមគ្នាកសាងជាតិ ការពារសន្តិភាព និងឆ្ពោះទៅមុខប្រកបដោយក្តីសង្ឃឹម និងសាមគ្គីភាពដ៏រឹងមាំ៕











