កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលអាគារសភាពាណិជ្ជកម្ម ឆុងឈីង ក្នុងភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ និងឈានដល់ការបង្ក្រាប រឹបអូសវត្ថុតាងបម្រើឲ្យការប្រព្រឹត្តបទល្មើស Online Scam ព្រមទាំងគ្រឿងញៀនណមួយចំនួនធំ។
ប្រតិបត្តិការនេះដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចជំនាញបានរកឃើញមានសារធាតុញៀនមួយចំនួន និងមានកុំព្យូទ័រមួយចំនួនសង្ស័យ រួមមាន៖ កុំព្យូទ័រ ALL IN ONE ចំនួន៤៤គ្រឿង, Monitor ចំនួន៣៤គ្រឿង ,CPU ចំនួន២៧គ្រឿង, Laptop ចំនួន៣គ្រឿង។ តាមការត្រួតពិនិត្យរប់សការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាលើកុំព្យូទ័រ បានសន្និដ្ឋានថា សម្ភារទាំងនោះប្រើប្រាស់ដើម្បីប្រព្រឹត្តល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់។
ក្រៅពីនេះ សមត្ថកិច្ចក៏បានរកឃើញនូវសារធាតុញៀនមួយចំនួនធំទៀតផងដែរ រួមមាន៖
ជាន់ទី២ និងជាន់ទី៤៖
-ម្សៅម៉ដ្ឋពណ៌ទឹកក្រូច ដាក់កញ្ចប់ពណ៌ទឹកសមុទ្រ អក្សរ Porsche ចំនួន៨៩០កញ្ចប់
-ម្សៅម៉ដ្ឋពណ៌ទឹកក្រូច ដាក់កញ្ចប់ពណ៌លឿង អក្សរ Porsche ចំនួន៣៨០កញ្ចប់
-ម្សៅស្អិតពណ៌ទឹកក្រូច ដាក់កញ្ចប់ពណ៌ខៀវ អក្សរ ចិន ចំនួន២៣០កញ្ចប់
-ម្សៅម៉ដ្ឋពណ៌កាហ្វេ ដាក់កញ្ចប់កាហ្វេពណ៌ខ្មៅ ចំនួន៨៩កញ្ចប់
-ម្សៅស្អិតពណ៌ទឹកក្រូច ដាក់កញ្ចប់ពណ៌ចម្រុះអក្សរចិន ចំនួន២៦៦កញ្ចប់
-សារធាតុរាវពណ៌ត្នោតដាក់ក្នុងដបពណ៌ក្រហមរូបសេះ Ferrari ចំនួន២៦០កញ្ចប់
-ម្សៅម៉ដ្ឋពណ៌ផ្កាឈូក ដាក់ក្នុងប្រអប់អក្សរ Doublemint ចំនួន១០២៥ប្រអប់
-បារីអេឡិចត្រូនិច អក្សរ BINGE ចំនួន៧០ប្រអប់ ស្មើ៤២០ដើម
-ម្សៅម៉ដ្ឋពណ៌ស ចំនួន១កញ្ចប់ធំ
-ម្សៅស្អិតពណ៌ទឹកដោះគោ ដាក់ក្នុងកូនដបពណ៌ស ចំនួន១០០ដប
-អាវុធខ្លីមួយដើមគ្មានលេខ បង់១ និងគ្រាប់ចំនួន៥គ្រាប់
-ម្សៅម៉ដ្ឋពណ៌ស ចំនួន១៩កញ្ចប់
-ម្សៅម៉ដ្ឋពណ៌ស ដាក់ក្នុងកំប៉ុងពណ៌ផ្កាឈូក ចំនួន៥កំប៉ុង។
បច្ចុប្បន្នសម្ភារដែលពាក់ព័ន្ធត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសារធាតុញៀនត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន៕












