ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្ដីពីការចែករំលែកចំណេះដឹង និងបទពិសោធស្ដីពីប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន (មុខងារស្របតាមចរិតលក្ខណៈជាទីក្រុងធំ)។
សិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធនេះ ត្រូវបានរៀបចំឡើងដោយ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសហការរៀបចំដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងអំពីប្រព័ន្ធនៃការគ្រប់គ្រងទីក្រុងមេត្រូប៉ូលតែន នៅបណ្តាប្រទេសក្នុងតំបន់រួមមាន ប្រទេសជប៉ុន ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វ៊ីលីពីន ដល់អ្នកពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលបាននូវចំណេះដឹង និងជាធាតុចូលបន្ថែមទៀតក្នុងការគិតគូរអំពីជម្រើសសមស្របនានាសម្រាប់រៀបចំរដ្ឋបាលរាជធានីភ្នំពេញឱ្យក្លាយទៅជារដ្ឋបាលមេត្រូប៉ូលីតែន ស្របតាមការតម្រង់ទិសនៃកម្មវិធីជាតិដំណាក់កាលទី២ (២០២១-២០៣០) ក្រោមក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
សូមជម្រាបជូនថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមចែករំលែកដោយលោកសាស្ត្រាចារ្យ កាមីកូ អាគីអូ ជាទីប្រឹក្សាផ្នែកគោលនយោបាយរដ្ឋបាលមូលដ្ឋានបានជួយគាំទ្រដល់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លើប្រធានបទ ស្តីពីការសិក្សាប្រៀបធៀបរវាងប្រព័ន្ធរដ្ឋបាលទីក្រុងមេត្រូប៉ូលីតែន នៅប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន និងប្រទេសជប៉ុន និងដោយសាស្ត្រាចារ្យ អេឡិច ប៊្រីឡានតេស ជេអរ មកពីសាកលវិទ្យាល័យហ្វីលីពីន នៃប្រទេសហ្វីលីពីន លើប្រធានបទស្ដីពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលមេត្រូប៉ូលីតែននៃប្រទេសហ្វីលីពីន ៕










