នាវាដឹកយន្តហោះ យូអេសអេស ហ្សេរ៉ាល់ អ័រ ហ្វត (USS Gerald R. Ford) បានចាកចេញពីមូលដ្ឋានទ័ពជើងទឹកណាតូ (NATO) ក្នុងកោះក្រេត (Crete) កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើនាវាចរណ៍ឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ខណៈដែលនេះគឺជាផ្នែកមួយនៃការបង្កើនកម្លាំងទ័ពជើងទឹកអាម៉េរិកដ៏ធំបំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៣ ។
ការចាកចេញនេះ កើតឡើងក្នុងពេលដែលកិច្ចចរចាដោយប្រយោលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហ៍រ៉ង់ កំពុងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ដោយមានប្រទេសអូម៉ង់ជាអ្នកសម្របសម្រួល។ ទន្ទឹមនឹងនេះ លោក ដូណាល់ ត្រាំ បានធ្វើការព្រមានអំពីមហិច្ឆតាផលិតមីស៊ីលរបស់អ៊ីរ៉ង់ ដែលអាចគំរាមកំហែងដល់អឺរ៉ុប និងមូលដ្ឋានទ័ពអាម៉េរិក ខណៈដែលអ៊ីរ៉ង់ក៏បានចោទប្រកាន់អាម៉េរិកថា ជាអ្នកញុះញង់ឱ្យមានការតវ៉ានៅក្នុងប្រទេសខ្លួន នាពេលកន្លងមក ។
ទោះបីជាវាជានាវាខាងលើ មានបច្ចេកវិទ្យាទំនើប និងបានចំណាយថវិកាផលិតដល់ទៅ ១៣ ពាន់លានដុល្លារ ជាមួយនឹងដំណើរការដោយថាមពលនុយក្លេអ៊ែរក៏ដោយ ក៏នាវា យូអេសអេស ហ្សេរ៉ាល់ អ័រ ហ្វត (USS Gerald R. Ford) រងនូវការរិះគន់ជាខ្លាំងនៅក្នុងបណ្តាញសង្គមអំពីបញ្ហាបន្ទប់ទឹក ដោយប្រព័ន្ធបង្ហូរទឹករបស់វាតែងតែស្ទះ ដែលធ្វើឱ្យបន្ទប់ទឹកជាច្រើននៅក្នុងនាវាមិនអាចប្រើប្រាស់បាន ។
បច្ចុប្បន្ន នាវានេះនឹងត្រូវទៅចូលរួមជាមួយក្រុមនាវាចម្បាំង យូអេសអេស អាប្រាហាំ លីនខុន (USS Abraham Lincoln) ដើម្បីបង្កើតជាកងនាវាចម្បាំងពីរ ដែលជាយុទ្ធសាស្ត្រដ៏កម្ររបស់អាម៉េរិក។ ការបង្ហាញវត្តមាននៃនាវាដឹកយន្តហោះទាំងពីរនេះ គឺជាសារមួយផ្ញើទៅកាន់អ៊ីរ៉ង់ បញ្ជាក់ថាអាម៉េរិកកំពុងយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខក្នុងតំបន់ ៕



