ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីបំភ្លឺជូនសាធារណៈជន ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយជនជាតិបរទេស បើកបររថយន្តក្នុងស្ថានភាពមានសារធាតុញៀន និងបានបុកសមត្ថកិច្ច ខណៈកំពុងអនុវត្តភារកិច្ច។
តាមសេចក្តីបំភ្លឺ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៤ និង ៤៥នាទី លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខ P1 ឃ្លាំងលើ ភូមិ២ សង្កាត់លេខ១ ក្នុង ក្រុងព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តម៉ាក BMW ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-4505 បើកបរដោយជនជាតិចិនម្នាក់ អាយុ ២៥ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា អ្នកបើកបរបានបើកក្នុងល្បឿនលឿន និងវ៉ាជែងខាងស្តាំ មុននឹងបុកលោក វរសេនីយ៍ទោ ចេង ចំរើន នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលកំពុងអនុវត្តភារកិច្ចរក្សាសណ្តាប់ធ្នាប់ចរាចរណ៍នៅគោលដៅ P1។ ក្រោយបង្កហេតុ អ្នកបើកបរបានព្យាយាមបើករថយន្តគេចចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចតាមឃាត់ខ្លួនបានភ្លាមៗ។
ក្នុងហេតុការណ៍នេះ លោក វរសេនីយ៍ទោ ចេង ចំរើន បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ បច្ចុប្បន្ន ស្ថានភាពសុខភាពរបស់លោកមានភាពល្អប្រសើរឡើងវិញ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តជាតិអាល់កុល លទ្ធផលអវិជ្ជមាន ខណៈការធ្វើតេស្តសារធាតុញៀន បានបង្ហាញលទ្ធផលវិជ្ជមាន។ ចំណែករថយន្តបង្ក ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនីតិវិធីតាមច្បាប់។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ និងជៀសវាងការបើកបរក្រោមឥទ្ធិពលសារធាតុញៀន ឬគ្រឿងស្រវឹង ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងសង្គមទាំងមូល៕






