ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ អះអាងថា ភូមិចំនួន៤ភូមិ នៅក្នុងតំបន់បឹងត្រកួន ត្រូវយោធាថៃហ៊ុមព័ទ្ធដោយដាក់កុងតឺន័ររំលោភ កាន់កាប់ដោយខុស ច្បាប់ និងគ្មានមូលដ្ឋាន ដោយមិនខ្លាចច្បាប់អន្តរជាតិ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ អនុវត្តបទឈប់បាញ់ត្រឹមវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ថ្លែងឱ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា តំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មាន៤ភូមិ គឺភូមិបន្ទាយមានឫទ្ធិ ភូមិផ្លូវបំបែក ភូមិត្រពាំងសំរោង ភូមិសាមគ្គី។ ភូមិទាំង៤នេះ មានផ្ទៃដីសរុប២៩២ហិកតា ក្នុងនោះផ្ទៃដីលំនៅឋាន២០៥ហិកតា មានផ្ទះ១.៣៦៥ ខ្នង និងមានពលរដ្ឋរស់នៅចំនួន១.៤៧៩គ្រួសារ ស្មើនឹង៦.០៣២នាក់។
របាយការណ៍របស់រដ្ឋបាលបន្ទាយមានជ័យ រៀបរាប់ថា នៅភូមិសាមគ្គីមានផ្ទៃដី៧២ហិកតា មានផ្ទះពលរដ្ឋ៦០ខ្នង, ភូមិត្រពាំងសំរោង មានផ្ទៃដី៦០ហិកតា មានផ្ទះពលរដ្ឋ៥៣ខ្នង, ភូមិផ្លូវបំបែក មានផ្ទៃដី១០៨ហិកតា មានផ្ទះពលរដ្ឋ៤៥ខ្នង, ភូមិបន្ទាយមានឫទ្ធិ មានផ្ទៃដី៥២ហិកតា មានផ្ទះពលរដ្ឋ៤៧ខ្នង។
សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ គឺផ្ទុយស្រឡះទៅនឹងការប្ដេជ្ញាចិត្តរបស់ថ ក្នុងការដោះស្រាយវិវាទ ដោយសន្តិវិធី ក្រោមការព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កំណត់ហេតុកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី៧ ខែសីហា ថ្ងៃទី១០ ខែកញ្ញា និងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្ដីពីសន្តិភាព និងដំណោះស្រាយវិវាទដោយសន្តិវិធី ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបញ្ជាក់ជារួមអំពីកាតព្វកិច្ចរបស់ភាគីទាំងពីរ ក្នុងការមិនអនុវត្តវិធានការជាឯកតោភាគី និងដោះស្រាយបញ្ហាលេចធ្លោទាំងឡាយយ៉ាងខ្ជាប់ខ្ជួនដោយ សន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធាប្រកបដោយអរិភាព នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដីរបស់កម្ពុជា៕











