យោងតាមប្រព័ន្ធផ្សព្វផ្សាយនានាបានលើកឡើងថា សហរដ្ឋអាម៉េរិក បានបើកការវាយប្រហារតាមផ្លូវគោកទៅលើប្រទេសវេណេហ្ស៊ួអ៊ីឡា យ៉ាងហោចណាស់មានការផ្ទុះចំនួន៧ទីតំាង ខណៈដែលរដ្ឋាភិបាលវេណេហ្ស៊ូអ៊ីឡា បាននិយាយថា នៅក្នុងចំណោមទីតំាងដែលវាយប្រហារនោះមាន ក្រុងមីរ៉ាន់ដា ក្រុងអារំាងហ្គ័រ និងក្រុងឡាហ្គៃរ៉ាជាដើម..។
ពុំទាន់ឃើញមានរបាយការណ៍និយាយអំពីទំហំខូចខាត និងតួលេខជនរងគ្រោះចេញពីការវាយប្រហាររបស់កងយោធាសហរដ្ឋអាម៉េរិកនៅឡើយទេ នៅក្នុងប្រទេសវេណេហ្ស៊ួអ៊ីឡា។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា កងកម្លាំងយោធារបស់សហរដ្ឋអាមេរិក បានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បន្ទាប់ពីបើកការវាយប្រហារទ្រង់ទ្រាយធំដ៏ភ្ញាក់ផ្អើក លើប្រទេសអាមេរិកខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោកប្រធានាធិបតីអាមេរិក បានបង្ហោះសារលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំដោយជោគជ័យ ប្រឆាំងប្រទេសវ៉េណេស៊ុយអេឡា និងមេដឹកនាំរបស់ប្រទេសនេះ គឺលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលត្រូវបានចាប់ខ្លួនរួមជាមួយភរិយា ហើយត្រូវបានដឹកតាមយន្តហោះ ចេញពីប្រទេសវ៉េណេស៊ុយអេឡាហើយ»។
លោក ត្រាំ បានប្រកាសថា រូបលោកនឹងធ្វើសន្និសីទសារព័ត៌មានផ្លូវការមួយ នៅម៉ោង១១៖០០នាទីព្រឹក (ម៉ោងនៅអាមេរិក) នៅឯភូមិគ្រឹះ Mar-a-Lago របស់លោកក្នុងរដ្ឋ Florida។
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា គឺលោកស្រី Cilia Flores ត្រូវបានអូសចេញពីបន្ទប់គេងដោយកងកម្លាំងពិសេសអាមេរិក អំឡុងប្រតិបត្តិការ វាយឆ្មក់មួយដែលនាំទៅរកការចាប់ខ្លួនមេដឹកនាំរូបនេះនៅថ្ងៃសៅរ៍ ទី៣ ខែមករា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។
មន្ត្រីអាមេរិក២រូបបានប្រាប់ CNN ក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះថាលោក ម៉ាឌូរ៉ូ និងភរិយាត្រូវបានចាប់ខ្លួននៅពាក់កណ្ដាលយប់ ខណៈអ្នកទាំង២កំពុងគេង។ ប្រតិបត្តិការពិសេសនេះត្រូវបាន ដឹកនាំដោយកងកម្លាំងពិសេស Delta Force របស់កងទ័ពអាមេរិក ដោយមិនបានធ្វើឱ្យកងកម្លាំងអាមេរិកណាមួយស្លាប់ ឬរងរបួសនោះទេ។
បើតាម CNN ក្រុមការងារមួយរបស់ទីភ្នាក់ងារប៉ូលិសអាមេរិក FBI កំពុងស្ថិតនៅជាមួយកងកម្លាំងប្រតិបត្តិការពិសេសអាមេរិក ដែលបានដឹកនាំប្រតិបត្តិការចាប់ខ្លួនលោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡា ហើយឥលូវមានគម្រោងនាំខ្លួនរូបលោកឆ្ពោះទៅកាន់ទីក្រុងញ៉ូវយ៉ក ជាទីដែលលោកនឹងត្រូវប្រឈមនឹងការចោទប្រកាន់ក្នុងតុលាការសហព័ន្ធក្នុងសង្កាត់ Manhattan៕




