ប្រទេសចិន និយាយថា ខ្លួនប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះផែនការរបស់គណៈកម្មការអឺរ៉ុប ដែលចង់ប្រើប្រាស់លុយបង្កករបស់រុស្ស៊ី ទៅគាំទ្រប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បានថ្លែងកាលពីថ្ងៃពុធថា សកម្មភាពបែបនេះគឺជាការដាក់ទណ្ឌកម្មដែលគ្មានការអនុញ្ញាតពីអង្គការសហប្រជាជាតិ (អ.ស.ប) ហើយវាមិនបានជួយបង្កើតបរិយាកាសល្អសម្រាប់កិច្ចចរចាសន្តិភាពឡើយ ។
បន្ថែមពីនេះ ចិនបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើនជាមួយរុស្ស៊ី។ បន្ទាប់ពីកិច្ចប្រជុំសន្តិសុខជាន់ខ្ពស់នៅរដ្ឋធានីមូស្គូ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការពង្រឹងជំនឿទុកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរ។ ការព្រមព្រៀងនេះកើតឡើងមិនយូរប៉ុន្មានឡើយ បន្ទាប់ពីរុស្ស៊ីអនុញ្ញាតឱ្យពលរដ្ឋចិនចូលប្រទេសដោយមិនចាំបាច់មានទិដ្ឋាការ ។
ក្នុងពេលដំណាលគ្នា ប្រទេសចិនបានធ្វើការរិះគន់សហរដ្ឋអាម៉េរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានបញ្ជាឱ្យពិនិត្យមើលឡើងវិញនូវគោលនយោបាយដែលទាក់ទងនឹងកោះតៃវ៉ាន់។ ចិននិយាយថា ខ្លួនប្រឆាំងរាល់កិច្ចការទាក់ទងផ្លូវការណាមួយរវាងសហរដ្ឋអាម៉េរិក និងតៃវ៉ាន់ ហើយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ចៀសវាងនូវការផ្ញើសារទាំងឡាយណាដែលគាំទ្រឯករាជ្យភាពតៃវ៉ាន់ ។
ក្រៅពីនេះ លោក លីន ជៀន បានលើកឡើងពីបញ្ហាសកលផ្សេងទៀត រួមមាន ផែនការរបស់លោក ត្រាំ ក្នុងការបិទដែនអាកាសវេណេហ្ស៊ូអ៊ីឡា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ីក្នុងការចាប់ផ្តើមស្វែងរកយន្តហោះ MH370 ឡើងវិញ និងការពន្យារពេលរបស់ចក្រភពអង់គ្លេសក្នុងការអនុម័តគម្រោងស្ថានទូតថ្មីរបស់ចិននៅក្នុងទីក្រុងឡុងដ៍ ៕


