ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្វើមាតុភូមិនិវត្តន៍ពីរដ្ឋធានីហាណូយ ដោយបានពិភាក្សាទ្វេភាគីជាមួយប្រមុខក្រសួងនគរបាលវៀតណាម និងក្រសួងសន្តិសុខសាធារណៈឡាវ
ទស្សនកិច្ច ២ថ្ងៃ នៅរដ្ឋធានីហាណូយ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ដើម្បីចូលរួមពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម បានបញ្ចប់ប្រកបដោយជោគជ័យ ដោយនៅយប់ថ្ងៃទី១៧ ខែសីហានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព។ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ថ្លែងឱ្យដឹងថា ក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍ថ្ងៃប្រពៃណីកងកម្លាំងនគរបាលវៀតណាមឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមជាកិត្តិយសជាមួយបណ្ដាឥស្សរជនភ្ញៀវអន្តរជាតិជាច្រើនរូបទៀត ដោយមានការថ្លែងសុន្ទរកថាពី ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈប្រតិបត្តិមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។ ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការរៀបចំពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលវៀតណាម និងបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តី ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍ថ្ងៃកំណើតនគរបាលជាតិកម្ពុជា កាលពីខែឧសភាកន្លងទៅ។ ដូចគ្នានេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក លឿង តាមក្វាង បានថ្លែងអំណរគុណប្រមុខក្រសួងមហាផ្ទៃកម្ពុជា ដែលឆ្លៀតពេលវេលាដ៏មមាញឹកដកឃ្លាពីភារកិច្ចដ៏ចាំបាច់ជាច្រើនដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ ឯកឧត្តម ចាត់ទុកវត្តមាន ឯកឧត្តមអភិសន្តិបណ្ឌិត និងគណៈប្រតិភូថាជាការបញ្ជាក់ច្បាស់នូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង និងប្រទេសទាំងពីរ Read more