ក្នុងនាមជាហត្ថលេខីមួយរូបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅកាន់ក្រុមអ្នកនយោបាយដែលបានតាំងខ្លួនឯងជាគ្រូកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ តើបានដឹងហេតុការណ៍កើតឡើង និងបត់បែនយ៉ាងណាខ្លះ?។
ក្នុងឱកាសអញ្ជើញដឹកនាំសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី ៥ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតឱកាសមានប្រសាសន៍រំលឹករៀបរាប់ពីដំណើរនៃកិច្ចចរចាស្វែងរកសន្តិភាពនៅទីក្រុងប៉ារីស ។
សម្តេចតេជោមានប្រសាសន៍ថា ការចែករំលែករបស់សម្តេចអំពីដំណើរការនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ នឹងជាចំណែកមួយដើម្បីចែករំលែកនៃការយល់ដឹងទៅដល់អ្នកស្រាវជ្រាវឬក៏ទៅដល់អ្នកនយោបាយមួយចំនួនដែលបានតាំងខ្លួន ជាបិតារបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ។
សម្តេចតេជោរំលឹកទៀតថា ទម្រាំបានកើតចេញជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសនេះ គឺគ្រប់ភាគីពាក់ព័ន្ធបានឆ្លងកាត់ឧបសគ្គយ៉ាងច្រើន ។ ដូច្នេះសម្តេចតេជោបានសង្កត់ធ្ងន់ផ្តាំទៅមនុស្សមួយចំនួនតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសថា សំឡេង “ថ្ងៃនេះខ្ញុំគួរតែនិយាយថា អ្នកដែលតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងបារីសទាំងឡាយ អើយគួរតែដឹងរឿងហេតុការណ៍ដែលវាកើតឡើងបត់បែនយ៉ាងណាខ្លះ”។
សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ គឺជាខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ ដំណើរការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ កាលពី៣៤ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគី៤ របស់កម្ពុជារួមមាន ៖ សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា , ចលនាតស៊ូហ៊្វុនស៊ិនប៉ិចដែលតំណាងដោយសម្តេចព្រះនរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ , រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា៕






