សម្ដេចព្រះមហាក្សត្រី Sirikit Kitiyakara ដែលជាព្រះមាតានៃព្រះមហាក្សត្រថៃបច្ចុប្បន្ន បានយាងចូលទិវង្គតក្នុងព្រះជន្ម ៩៣ព្រះវស្សា កាលពីម៉ោង ២១៖២១នាទីយប់ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ នៅក្នុងមន្ទីរពេទ្យ King Chulalongkorn Memorial Hospital នេះបើយោងតាមការប្រកាសជាផ្លូវការរបស់ខុទ្ទកាល័យព្រះបរមរាជវាំងថៃ ។
ព្រះអង្គទ្រង់គង់សម្រាកព្យាបាល និងតាមដានព្រះរោគនៅក្នុងមន្ទីរពេទ្យនេះ តាំងតែពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ មកម៉្លេះ ដោយសារតែព្រះរោគាពាធជាច្រើនលើក ។
ចាប់តាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ មក ព្រះអង្គទ្រង់មានព្រះរោគកាន់តែធ្ងន់ធ្ងរ ដោយសារតែការឆ្លងមេរោគនៅក្នុងព្រះលោហិត (ឈាម)។ ទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមព្យាបាលអស់ពីសមត្ថភាពក៏ដោយ ក៏ព្រះរោគរបស់ព្រះអង្គនៅតែបន្តធ្ងន់ធ្ងរឥតឈប់ រហូតទាល់តែទ្រង់សោយព្រះវិលាល័យ ។
ទន្ទឹមនឹងនោះ ព្រះមហាក្សត្រថៃ Maha Vajiralongkorn ដែលជាព្រះរាជបុត្រា បានចេញព្រះរាជបញ្ជាឱ្យរៀបចំព្រះរាជពិធីបុណ្យសពរបស់ព្រះមាតាទៅតាមព្រះរាជប្រពៃណីថៃ។ ព្រះបរមសព នឹងត្រូវតម្កល់ទុកនៅព្រះទីនាំងទូសិតមហាប្រាសាទក្នុងព្រះបរមរាជវាំង។ ព្រះអង្គក៏បានប្រោសព្រះរាជទានអនុញ្ញាតឱ្យព្រះរាជវង្សានុវង្ស និងមន្ត្រីរាជការ កាន់ទុក្ខរយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃដែលព្រះមាតាយាងចូលទិវង្គតនេះតទៅ ៕


