មីយ៉ាន់ម៉ា-ថៃឡង់ដ៍៖ ជនបរទេសជាងមួយពាន់នាក់ ដែលសង្ស័យថាជាអ្នកធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោក បានរត់គេចខ្លួនឆ្លងកាត់ចេញពីព្រំដែនក្នុងទីក្រុងម្យាវ៉ាត់ឌី (Myawaddy) រដ្ឋការ៉ែន (Karen) ប្រទេសមីយ៉ាន់ម៉ា ចូលទៅកាន់ប្រទេសថៃ បន្ទាប់ពីប្រឈមនូវប្រតិបត្តិការបង្ក្រាបឧទ្យាន KK (KK Park) កាលពីថ្ងៃចន្ទ ។
គិតត្រឹមព្រឹកនេះ មនុស្សចំនួន ១០៤៩នាក់បានឆ្លងដែនចូលទៅក្នុងស្រុកម៉ែសូត្រ (Mae Sot) ខេត្តតាក (Tak) ប្រទេសថៃ ដោយចំនួនអ្នកឆ្លងចូលបានបន្តកើនឡើងរៀងរាល់ម៉ោង ។
ក្នុងចំណោមអ្នករត់គេចខ្លួនទាំងនោះ រួមមានជនជាតិឥណ្ឌា ៣៩៩នាក់ ជនជាតិចិន ១៤៧នាក់ ជាក្រុមជនជាតិធំៗជាងគេ បន្ទាប់មករួមមាន ជនជាតិវៀតណាម ហ្វីលីពីន អេត្យូពី ប៉ាគីស្ថាន ឥណ្ឌូណេស៊ី នេប៉ាល់ និងពលរដ្ឋមកពីប្រទេសផ្សេងៗជាច្រើនទៀតនៅជុំវិញពិភពលោក រួមទាំងជនជាតិថៃចំនួន ៣១នាក់ផងដែរ ៕



