សម្តេចតេជោ ហ៊ុន សែន៖ សមិទ្ធិផលបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម គឺជាការឯកភាពគ្នា ដោយឈរលើគោលការណ៍អន្តរជាតិ នៃការដោះស្រាយដោយសន្តិវិធី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា បង្គោលព្រំដែនកម្ពុជា-វៀតណាម គឺជាសមិទ្ធិផល ដែលភាគីកម្ពុជានិងវៀតណាម ឯកភាពគ្នាដោយយកទឹកជ្រៅ ដើម្បីបែកចែកព្រំដែន ដែលនេះជាគោលការណ៍អន្តរជាតិ នៃការដោះស្រាយបញ្ហាដោយសន្តិវិធី តាមច្បាប់អន្តរជាតិ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីក្រុមការងារច្រកព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ក្នុងឱកាសសម្ដេចអញ្ជើញចុះពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ សម្តេចតេជោ បន្ថែមថា ការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីពេលមុន រហូតដល់ពេលនេះ គឺការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអាជ្ញាធរតាមព្រំដែននីមួយៗ ធ្វើយ៉ាងណាខិតខំឱ្យមានកិច្ចសហការគ្នាឱ្យបានល្អ។ សម្តេចតេជោ បញ្ជាក់ថា “មានអ្នកជិតខាងល្អ ដូចមានមាស មានអ្នកជិតខាងអាក្រក់ ដូចមានមីន”។ សម្តេចបានមានប្រសាសន៍ដែរថា ទំនាក់ទំនងកម្ពុជា-វៀតណាម គិតចាប់តាំងពីឆ្នាំ១៩៦៨ រហូតមកដល់ឆ្នាំ២០២៥នេះ គឺគណបក្សប្រជាជនកម្ពុជា បានគ្របដណ្តប់ទំនាក់ទំនងនេះជាង២ភាគ៣ ហើយទំនាក់ទំនងជាមួយឡាវ ក៏គណបក្សប្រជាជនកម្ពុជា បានគ្របដណ្តប់ជាងពាក់កណ្តាលដែរ Read more